ប្រធានព្រឹទ្ធសភាម៉ាឡេស៉ី ថ្លែងអំណរគុណជាថ្មីដល់រាជរដ្ឋាភិបាលកម្ពុជា ដែលជួយអន្ដរាគមន៍ពលរដ្ឋខ្លួន៤៧នាក់ ចាញ់បោកជនខិលខូចមកធ្វើការខុសច្បាប់នៅកម្ពុជា

(ម៉ាឡេស៊ី)៖ លោក Tan Sri Wan Junaidi ប្រធានព្រឹទ្ធសភាម៉ាឡេស៊ី បានថ្លែងអំណរគុណជាថ្មីដល់រាជរដ្ឋាភិបាលកម្ពុជា ពិសេសសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី ដែលបានសម្របសម្រួលជួយអន្ដរាគមន៍ដល់ប្រជាពលរដ្ឋម៉ាឡេស៉ី ចំនួន៤៧នាក់ ឲ្យត្រឡប់ទៅស្រុកកំណើតវិញ ក្រោយចាញ់បោកជនខិលខូចមកធ្វើការខុសច្បាប់នៅប្រទេសកម្ពុជា កាលពីពេលកន្លងទៅ។

ការថ្លែងអំណរគុណជាថ្មីនេះ ធ្វើឡើងក្នុងជំនួបសម្ដែងជាមួយ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស នៅកាលពីសប្ដាហ៍កន្លងទៅនេះ រួមជាមួយលោក Tan Sri Rais YATIM អតីតប្រធានព្រឹទ្ធសភា ក្នុងពិធីពិសាអាហារសាមគ្គីជាមួយសមាជិកព្រឹទ្ធសភាសរុបចំនួន៧០រូប។ ពិធីនេះត្រូវបានរៀបចំធ្វើឡើងនៅសណ្ឋាគារEastin ទីក្រុងកូឡាឡាំពួរ។

នៅក្នុងជំនួបនោះ លោកប្រធានព្រឹទ្ធសភាម៉ាឡេស៉ី បានថ្លែងនូវការកោតសរសើរដល់ការដឹកនាំប្រទេស ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្របច្ចុប្បន្ន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានធ្វើឲ្យកម្ពុជា មានសុខសន្តិភាព និងរីកចម្រើនលូតលាស់យ៉ាងឆាប់រហ័សលើគ្រប់វិស័យ។ ក្រោមការដឹកនាំនេះ កម្ពុជាបានធ្វើឲ្យមានភាពសុខដុមនីយកម្មជាតិសាសន៍ និងសាសនា ដោយគ្មានជម្លោះសាសនា និងការរើសអើង។
នៅចំពោះមុខសមាជិកព្រឹទ្ធសភាទាំង៧០រូប រួមទាំងអ្នកមុខអ្នកការ លោកប្រធានព្រឹទ្ធសភា ជំនួសមុខឲ្យប្រជាជនម៉ាឡេស៊ី និងក្រុមគ្រួសារនៃជនរងគ្រោះ បានថ្លែងអំណរគុណសាជាថ្មីម្ដងទៀត ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ អតីតនាយករដ្ឋមន្ត្រី ដែលបានជួយសម្រួលដោះស្រាយប្រជាជនម៉ាឡេស៊ី ចំនួន៤៧នាក់ ដែលបានចាញ់បោកជនខិលខូច បោកប្រាស់នាំយកមកធ្វើការនៅកម្ពុជា ត្រូវបានវិលត្រឡប់ទៅស្រុកកំណើតវិញ ដែលជាប្រជាជនរស់នៅក្នុងរដ្ឋសហព័ន្ធសឡាង៉័រ កូឡាឡាំពួរ សាពះ និងសសរ៉ាវ៉ាក់ ដែលក្នុងចំណោមទាំង ៤៧នាក់នេះ គឺមានប្រជាជននៅរដ្ឋសហព័ន្ធសារ៉ាវ៉ាក់ ចំនួន៤០នាក់ ដែលត្រូវបានឃាត់ខ្លួននៅខេត្តបន្ទាយមានជ័យ កាលពីចុងឆ្នាំ២០១៨។

លោកប្រធានព្រឹទ្ធសភាម៉ាឡេស៉ី បានគូសបញ្ជាក់ថា នឹងបន្តពង្រឹងចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរម៉ាឡេស៊ី កម្ពុជា ឲ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ដើម្បីជាគុណប្រយោជន៍នៃប្រទេសទាំងពីរ៕