ក្រសួងអប់រំ ឆ្លើយតបចំពោះការរិះគន់រឿងកម្មវិធីសិក្សាសាលារៀនជំនាន់ថ្មី, ការបង្កើតនេះជាចំណែកនៃការធ្វើកំណែទម្រង់វិស័យអប់រំនៅកម្ពុជា

(ភ្នំពេញ)៖ លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣នេះ បានចេញមកឆ្លើយតបចំពោះការរិះគន់ ចំពោះការបង្កើតកម្មវិធីសិក្សាសាលារៀនជំនាន់ថ្មី ដែលជាចំណែកនៃការធ្វើកំណែទម្រង់វិស័យអប់រំនៅកម្ពុជា ដើម្បីឈានជើងចូលក្នុងសមាហរណកម្មពិភពលោក។

ការចេញមកឆ្លើយតបរបស់អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា នៅពេលនេះ ក្រោយទទួលបាននូវព័ត៌មានមួយចំនួនដែលជាយល់ឃើញផ្សេងៗគ្នា ពីសំណាក់អាណាព្យាបាលរបស់សិស្សានុសិស្ស ជាពិសេស ពាក់ព័ន្ធការតម្រូវឲ្យមានការបង់ប្រាក់មួយចំនួន ដើម្បីចូលរួមគាំទ្រដល់ការធ្វើកំណែទម្រង់នេះ។
លោកស្រី គឹម សេដ្ឋានី បានធ្វើការឆ្លើយតបនូវខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

«កម្ពុជា ត្រូវការកំណែទម្រង់វិស័យអប់រំ ស្របតាមគោលនយោបាយអប់រំបែបវិទ្យាសាស្រ្ត ដើម្បីឈានជើងចូលក្នុងសមាហរណកម្មពិភពលោក។ កម្មវិធីថ្មីមួយត្រូវបានបង្កើតឡើង ក្នុងទិសដៅដើម្បីសម្រេចនូវគោលបំណងនេះ។ ស្មារតីនៃកម្មវិធីជំនាន់ថ្មី និងការតាំងចិត្តរបស់ក្រសួងក្នុងការរៀបចំកំណែទម្រង់នានា ក្នុងវិស័យអប់រំ (ស្មារតីនៃកម្មវិធីជំនាន់ថ្មី គឺជាតាំងចិត្តដ៏ ចំបងរបស់រាជរដ្ឋាភិបាល ក្នុងកំណែទម្រង់វិស័យអប់រំ)។
កម្មវិធីសាលារៀនជំនាន់ថ្មីគឺជាកម្ម វិធីមួយដែលបង្កើតគំរូអភិវឌ្ឍន៍ថ្មី នៅក្នុងប្រព័ន្ធអប់រំសាធារណៈ ដែលនឹងនាំទៅដល់ការបង្កើតសាលារៀនសាធារណៈស្វយ័ត ដែលទទួលបានការវិនិយោគខ្ពស់ផ្សាភ្ជាប់នឹងស្តង់ដា ថ្មីមានគណនេយ្យភាព និងអភិបាលកិច្ចល្អ ព្រមទាំងស្តង់ដាវិជ្ជាជីវៈ សម្រាប់ការសិក្សានៅក្នុងសតវត្សរ៍ទី២១។
គ្រូទាំងអស់ដែលបម្រើការងារនៅទីនេះ ត្រូវឆ្លងកាត់ជ្រើសរើសដោយការប្រកួតប្រជែង និងមានគណៈកម្មការជ្រើសរើសមកពីក្រសួង និងកម្មវិធី។ កិច្ចសន្យាការងារគឺត្រូវធ្វើឡើងមួយឆ្នាំម្ដង និងត្រូវឆ្លងកាត់ការវាយតម្លៃចុងឆ្នាំ ដោយក្រុមប្រឹក្សាភិបាលសាលារៀនជំនាន់ថ្មី។ គ្រូទាំងអស់ត្រូវបំប៉នសមត្ថភាពលើបច្ចេកទេសបង្រៀន និងគរុកោសល្យថ្មីៗមុនពេលបង្រៀន។
គ្រូត្រូវបានហាមឃាត់ដាច់ខាតនៅសកម្មភាពអសកម្ម និងខុសពីក្រមសីលធម៌វិជ្ជាជីវៈគ្រូបង្រៀន ដូចជាលក់សំណៅឯកសារ ការប្រកបអាជីវកម្មនៅក្នុងសាលារៀន និងសកម្មភាពមួយចំនួនទៀត។ ការបង្រៀនទាំងទ្រឹស្ដី និងពិសោធន៍ជាក់ស្ដែង សិស្សសិក្សាពេញមួយថ្ងៃ សិស្សត្រូវចូលរួមសកម្មភាពក្រៅថ្នាក់ និងស្រាវជ្រាវជាលក្ខណៈបុគ្គល និងក្រុមការបញ្ជ្រាបការប្រើប្រាស់ ICT ទៅគ្រប់ទម្រង់នៃការរៀន និងបង្រៀន ជាដើម។
កម្មវិធីសាលាជំនាន់ថ្មី បានកំពុងអនុវត្តនៅ១១សាសា គ្របដណ្តប់ចាប់ពីកម្រិតបឋមសិក្សា រហូតដល់មធ្យមសិក្សា (ថ្នាក់ទី១ ដល់ថ្នាក់ទី១២) ដែលមានសាលាមធ្យមសិក្សាចំនួន៧ និងសាលាបឋមសិក្សាចំនួន៤ ស្ថិតក្នុងខេត្តក្រុងចំនួន៥ (រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកំពង់ចាម និងខេត្តស្វាយរៀង) ដែលមានសិស្សសរុប ចំនួន១០,១២២នាក់ ស្រី៤,៧១០នាក់។ នេះគឹជាការចាប់ផ្តើមនៃបេសកកម្មដ៏យូរអង្វែងមួយ ហើយវានឹងជោគជ័យបានអាស្រ័យដោយមានការចូលរួមរបស់យើងទាំងអស់គ្នា»៕