អនុប្រធានរដ្ឋសភាវៀតណាម៖ ដំណើរទស្សនកិច្ច ប្រធានរដ្ឋសភាកម្ពុជានៅវៀតណាម បង្ហាញពីមនោសញ្ចេតនាស្និទ្ធស្នាល និងការជឿជាក់គ្នា

(វៀតណាម)៖ បន្ទាប់ពីបានអញ្ជើញដល់សាធារណរដ្ឋសង្គមនិយមវៀតណាម នៅរាត្រីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានទទួលជួបសវនាការជាមួយ លោក Nguyen Duc Hai អនុប្រធានរដ្ឋសភាវៀតណាម និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាវៀតណាមកម្ពុជា នៅសណ្ឋាគារដែលសម្តេចស្នាក់នៅ នាទីក្រុងហាណូយ។

នៅក្នុងឱកាសនោះ លោក Nguyen Duc Hai បានអបអរសាទរចំពោះការបោះឆ្នោតដោយជោគជ័យរបស់កម្ពុជា កាលពីខែកក្កដាកន្លងមក ក៏ដូចជាការបង្កើតនូវរដ្ឋសភា និងរាជរដ្ឋាភិបាលអាណត្តិទី៧ ដែលទទួលបានការគំាទ្រយ៉ាងច្រើនលើសលប់ពីសំណាក់ប្រជាពលរដ្ឋ។ លោកអនុប្រធានរដ្ឋសភាបានអបអរសាទរជូន សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដែលត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតំាងជាប្រធានរដ្ឋសភាអាណត្តិថ្មី និងស្រ្តីទីមួយដែលទទួលបានតួនាទីដ៏ឧត្តុង្គឧត្តមនេះ។

លោក Nguyen Duc Hai ចាត់ទុកដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចរដ្ឋសភាធិបតី អមដោយសមាជិកសមាជិកាគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាអាណត្តិថ្មី មកកាន់ប្រទេសវៀតណាមនាពេលនេះ បានបង្ហាញពីមនោសញ្ចេតនាស្និទ្ធស្នាលដ៏ជ្រាលជ្រៅ និងការជឿជាក់គ្នារវាងប្រទេសទំាងពីរ។ លោកចាត់ទុកថា ដំណើរទស្សនកិច្ចនេះ នឹងចូលរួមចំណែកដល់ការពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរ​ ទំាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិឱ្យកាន់រឹងមាំ និងស៊ីជម្រៅបន្ថែមទៀត។

លោកបានស្នើសូម​ សម្តេចប្រធានរដ្ឋសភា​ បន្តជួយជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទំាងពីរឱ្យរឹងមាំ និងគ្រប់ជ្រុងជ្រោយឡើង ដូចជាការផ្លាស់ប្តូរដំណើរទស្សនកិច្ច ការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងសមាជិកសភាវ័យក្មេង និងក្រុមមិត្តភាពសភាប្រទេសទំាងពីរឱ្យកាន់តែសកម្ម។
ជាការឆ្លើយតប សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគាំទ្រប្រសាសន៍លើកឡើងរបស់អនុប្រធានរដ្ឋសភាវៀតណាម។ សម្តេចបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតរបស់មិត្តវៀតណាម ជូនចំពោះគណៈប្រតិភូរដ្ឋសភាកម្ពុជាទំាងអស់នាឱកាសនេះ។ សម្តេចបានវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័ស របស់ប្រទេសវៀតណាមក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់បក្សនិងរដ្ឋវៀតណាម។

សម្តេចរដ្ឋសភាធិបតី បានរំលឹកពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជានិងវៀតណាម ដែលបានបង្កើតឡើងដោយ ព្រះករុណាសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងលោកប្រធានហូជីមិញ ជាទំនាក់ទំនងក្នុងកាលៈទេសៈលំបាកហើយបានប្រកៀកស្មាគ្នាតស៊ូ ដើម្បីបញ្ចប់សង្រ្គាម ការបង្រួបបង្រួមទឹកដី និងការទទួលបានឯករាជ្យ។
សម្តេចរដ្ឋភាធិបតី បានគូសបញ្ជាក់ពីសារៈសំខាន់នៃទំនាក់ទំនងដ៏ល្អរវាងកម្ពុជានិងវៀតណាម មានលក្ខណៈពិសេស ដោយឈរលើមូលដ្ឋាននៃការគោរព ទុកចិត្តគ្នា និងការយោគយល់គ្នាទៅវិញទៅមក មិនត្រឹមតែរក្សាបាននូវមិត្តភាពជាអ្នកជិតខាងល្អ មានលក្ខណៈជាប្រពៃណីយូរអង្វែង កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាអមតៈ និងបាននាំមកនូវផលប្រយោជន៍ សន្តិភាពនិងការអភិវឌ្ឍសម្រាប់ប្រទេសទំាងពីរប៉ុណ្ណោះទេ ថែមទំាងបានចូលរួមចំណែកដល់ការកសាងសុខសន្តិភាព ស្ថិរភាពដល់ពិភពលោកថែមទៀត ជាពិសេសការជឿទុកគ្នា ការគោរពគ្នា យោគយល់គ្នា និងការគិតគូរពីប្រយោជន៍គ្នាទៅវិញទៅមក៕