(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្តអនុគ្រោះលើកាតព្វកិច្ចបង់ពន្ធ របស់ផលិតករភាព យន្តក្នុងស្រុក រយៈពេល០៥ឆ្នាំទៀត (២០២៤-២០២៨)។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ។
ក្រសួងវប្បធម៌បានបញ្ជាក់នៅលើក Facebook ផ្លូវការរបស់ខ្លួនថា យោងតាមលិខិតរបស់ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុលេខ ៣៩៨០១អពដ ចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ និងផ្អែកតាមចំណារ ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលសម្រេចផ្ដល់ការលើកទឹកចិត្ត ក្នុងការបន្តការអនុគ្រោះពន្ធសម្រាប់រយៈ ពេល ៥ឆ្នាំ បន្ថែមទៀត (២០២៤-២០២៨) ជូនដល់ផលិតករភាពយន្តក្នុងស្រុក ដើម្បីជាការលើក ទឹកចិត្ត និងលើកស្ទួយវិស័យសិល្បៈនិងការផលិតភាពយន្តខ្មែរ ដូចខាងក្រោម៖
១៖
អនុញ្ញាតព្យួរទុកការអនុវត្តពន្ធកាត់ទុក១៥% លើសួយសារនៃទ្រព្យអរូបី
(ការផ្ដល់សិទ្ធិបញ្ចាំង ខ្សែភាពយន្តផលិតក្នុងស្រុក)
២៖
អនុញ្ញាតព្យួរទុកពន្ធលើប្រាក់ចំណូលជូនក្រុមហ៊ុនផលិតកម្មភាពយន្តខ្មែរ
៣៖ អនុញ្ញាតព្យួរទុកការអនុវត្តអាករពិសេសលើសេវាលំហែកំសាន្ត (១០%)
ជូនដល់សិល្បៈសៀក នៃក្រុមហ្វាពន្លឺសិល្បៈខេត្តសៀមរាប (PHARE PERFORMING
SOCIAL ENTERPRISE)។
ក្រសួងបញ្ជាក់ទៀតថា ទន្ទឹមនឹងនេះ ផលិតករភាពយន្តក្នុងស្រុក និងសៀក ត្រូវបំពេញកាតព្វកិច្ច ចុះបញ្ជីពន្ធដារ កត់ត្រា និងកាន់កាប់បញ្ជីកាគណនេយ្យ ដាក់លិខិតប្រកាសពន្ធប្រចាំខែនិងប្រចាំឆ្នាំ ព្រមទាំងបំពេញកាតព្វកិច្ចពន្ធដារផ្សេងទៀត ឱ្យបានត្រឹមត្រូវដូចក្រុមហ៊ុនអាជីវកម្មដទៃទៀតដែរ ដើម្បីជាការចូលរួមចំណែកពង្រឹងអនុលោមភាពសារពើពន្ធ និងវប្បធម៌ពន្ធដារនៅកម្ពុជា៕