កងកម្លាំងអ៉ីស្រាអែល ចាប់ខ្លួនប្រធានមន្ទីរពេទ្យ Al Shifa ក្នុងតំបន់ហ្កាហ្សា

 (ហ្កាហ្សា)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ អោយដឹងថា ប្រធានមន្ទីរពេទ្យ Al Shifa ដែលជាមន្ទីរពេទ្យធំជាងគេបំផុតក្នុង​តំបន់ហ្កាហ្សា ត្រូវបានកងកម្លាំងអ៉ីស្រាអែលឃាត់ខ្លួនកាលពី ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ពាក់ព័ន្ធ នឹងការសង្ស័យថាបានអនុញ្ញាតឱ្យក្រុមហាម៉ាសប្រើប្រាស់មន្ទីរពេទ្យជាទីបញ្ជាការយោធា។

ប្រធានមន្ទីរពេទ្យ Al Shifa លោក Mohammad Abu Salmiya ជាមនុស្សម្នាក់ត្រូវបានប្រព័ន្ធផ្ស ព្វផ្សាយអន្តរជាតិដកស្រង់ពាក្យសម្ដី ជាញឹកញាប់ពាក់ព័ន្ធនឹងស្ថានការណ៍នៅខាងក្នុងមន្ទីរពេទ្យ មួយនេះដែលបានក្លាយជាគោលដៅដ៏សំខាន់មួយនៃប្រតិបត្តិការយោធាជើងគោក របស់អ៉ីស្រាអែល ចាប់តាំងពីក្រុមហាម៉ាសបើកការវាយប្រហារលើអ៉ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលាមក។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយកងទ័ពអ៉ីស្រាអែលបានគូសបញ្ជាក់ដូច្នេះថា «ប្រធានមន្ទីរពេទ្យត្រូវបានឃាត់ខ្លួនសម្រាប់ការសួរចម្លើយ ក្រោយមានភស្តុតាងបង្ហាញថាមន្ទីរពេទ្យ Al Shifa នៅក្រោមការ គ្រប់គ្រងរបស់លោក ត្រូវបានប្រើប្រាស់ជាមូលដ្ឋានទីបញ្ជាការមួយរបស់ហាម៉ាស»

គួរបញ្ជាក់ថា កងទ័ពអ៉ីស្រាអែល បានបើកការវាយឆ្មក់លើមន្ទីរពេទ្យ Al Shifa កាលពីសប្ដាហ៍មុន ដោយចោទប្រកាន់ថាមន្ទីរពេទ្យនេះមានលាក់ រូងក្រោមដីរបស់ក្រុមហាម៉ាស។ ប៉ុន្តែខាងមន្ទីរពេទ្យ និងក្រុមហាម៉ាសបានច្រានចោលការចោទប្រកាន់បែបនេះ ហើយបើតាមមន្ត្រីសុខាភិបាល ប៉ាឡេ ស្ទីន លោក Abu Salmiya រួមទាំងវេជ្ជបណ្ឌិត និងគិលានុបដ្ឋាក២នាក់ត្រូវបានកងកម្លាំងអ៉ីស្រា អែលចាប់ខ្លួន៕