សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការអនុវត្តវិធានការកែទម្រង់មុតស្រួចកន្លងមក កម្ពុជាអាចរំពឹងនឹង សម្រេចបានកំណើនសេដ្ឋកិច្ចក្នុងអត្រា ៥.៦% នៅឆ្នាំ២០២៣ និងបន្តងើបកាន់តែលឿននៅឆ្នាំ ២០២៤ ជាមួយអត្រាកំណើន៦.៦%


(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ការអនុវត្តកម្ម វិធីគោលនយោបាយអាទិភាព វិធានការគន្លឹះ និងវិធានការកែទម្រង់មុតស្រួចនានា និងវិធានការ បុរេសកម្មផ្សេងៗនៅក្នុងពេលខាងមុខ កម្ពុជាអាចរំពឹងថានឹងសម្រេចបានកំណើនសេដ្ឋកិច្ច ក្នុង អត្រា ៥,៦%នៅឆ្នាំ ២០២៣ និងបន្តងើបកាន់តែលឿន នៅឆ្នាំ២០២៤ ជាមួយអត្រាកំណើន ៦,៦%។ ការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្នុងឱកាសសម្តេចអញ្ជើញបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២៣ ដែល រៀបចំឡើងនៅសណ្ឋាគារសុខា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំលឹកថា នៅក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ សម្តេចសម្រេចដាក់ចេញនូវវិធានការមុតស្រួច ដែលមានចរឹតជាការកែទម្រង់ស៊ីជម្រៅរបស់ រាជរដ្ឋាភិបាល អាណត្តិថ្មី ដើម្បីជំរុញដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងលើកកម្ពស់ភាពប្រកួតប្រជែង កម្ពុជា ក៏ដូចជាឆ្លើយតបនឹងកង្វល់របស់ផ្នែកឯកជនដែលមានជិត២០០ ដើម្បីកាត់បន្ថយថ្លៃធ្វើ ធុរកិច្ច និងការសម្រាលបន្ទុករបស់ប្រជាជនទូទៅ, លុបបំបាត់ និងកាត់បន្ថយនីតិវិធីរដ្ឋបាលមិនចាំ បាច់នានា, ជួយសម្រួលដល់ធុរជន និងប្រជាពលរដ្ឋក្នុងការបំពេញកាតព្វកិច្ចតម្រូវរបស់ច្បាប់, បង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ និង វិធានការជាច្រើនផ្សេងទៀត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងយ៉ាងដូច្នេះថា៖ «ជាមួយនឹងការអនុវត្តកម្មវិធីគោល នយោបាយអាទិភាព, វិធានការគន្លឹះ និងវិធានការកែទម្រង់ មុតស្រួចនានាដែលត្រូវបានដាក់ចេញ កន្លងមក និងវិធានការបុរេសកម្មផ្សេងៗនៅក្នុងពេលខាងមុខ កម្ពុជាអាចរំពឹងថានឹងសម្រេចបាន កំណើនសេដ្ឋកិច្ច ក្នុងអត្រា ៥,៦%នៅឆ្នាំ ២០២៣ និងបន្តងើបកាន់តែលឿន នៅឆ្នាំ២០២៤ ជាមួយអត្រាកំណើន៦,៦%»

ជាមួយនឹងការរំពឹងជាមួយនឹងកំណើនសេដ្ឋកិច្ចនេះ, សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ប្រាកដណាស់ថា ទស្សនវិស័យកំណើននេះ អាចនឹងប្រឈមនឹងហានិភ័យមួយចំនួន ក្នុងដែលស្ថាន ភាពបច្ចុប្បន្ននៅមានភាពមិនប្រាកដប្រជាខ្ពស់នៅឡើយ ក្នុងន័យនេះកម្ពុជាចាំបាច់ត្រូវប្រកាន់ស្មារតី កំណែទម្រង់ជាប្រចាំ និងបុរេសកម្មជានិច្ច ដោយព្យាយាមកសាងឱ្យបាននូវភាពធន់ និងជំរុញ ពិពិធកម្មសេដ្ឋកិច្ចផង។

នាកាសនោះដែរ សម្តេចធិបបតី ហ៊ុន ម៉ាណែត មានចំណាប់អារម្មណ៍ជាខ្លាំងលើកិច្ចពិភាក្សាទាំង បីវគ្គក្នុងសន្និសីទនាថ្ងៃនេះ ដែលសុទ្ធតែជាប្រធានបទមានសារៈសំខាន់ ជាពិសេសផ្នែកគោល នយោបាយ សម្រាប់កម្ពុជាអាចត្រៀមខ្លួនឱ្យបានល្អ និងគ្រប់គ្រាន់ ដើម្បីសម្រេចបង្គោលចរឆ្នាំ ២០៣០ និងឆ្នាំបន្តបន្ទាប់ ខាងមុខទៀត។ ដូចបានបញ្ជាក់ខាងលើ, សេដ្ឋកិច្ចកម្ពុជាគឺជាសេដ្ឋ កិច្ចបើកចំហរ ដូច្នេះការផ្លាស់ប្តូរជាវិជ្ជមាន និងអវិជ្ជមានពីកត្តាខាងក្រៅនឹងជះឥទ្ធិពលដោយផ្ទាល់ និងប្រយោលមក លើសក្តានុពលកំណើនកម្ពុជារយៈពេលមធ្យម និងវែង។

ទន្ទឹមនឹងនេះដែរ សម្តេចធិបតី នាយករដ្ឋមន្ត្រី រំលឹកឡើងវិញថាក្នុងរយៈពេលជាងពីរទស្សវត្សរ៍ ចុងក្រោយនេះ ផ្តើមចេញពីនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន កម្ពុជាកសាងបាន នូវមូលដ្ឋានគ្រឹះសេដ្ឋកិច្ចរឹងមាំសម្រាប់ការអភិវឌ្ឍន៍ ដោយប្រកាន់យកប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ តាម រយៈការបើកចំហរ ការធ្វើពាណិជ្ជកម្មអន្តរជាតិ ឈរលើគោលការណ៍ពហុភាគីនិយម, ការជំរុញ និងទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស ដើម្បីជាមូលដ្ឋានកសាងចន្ទល់សម្រាប់ទ្រទ្រង់កំណើន សេដ្ឋកិច្ច, ការពង្រឹង និងស្តារហេដ្ឋារចនាសម្ព័ន្ធរឹង ដូចជា៖ ផ្លូវ ថ្នល់ ទឹក និងភ្លើង ដើម្បីលើកកម្ពស់ ការតភ្ជាប់, សម្រួលការចល័តធនធាន និងកម្លាំងពលកម្ម ក៏ដូចជាពង្រាយមូលដ្ឋានផលិតកម្ម, ការបន្តអភិវឌ្ឍនិងលើកកម្ពស់មូលធនមនុស្ស ដើម្បីចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ច និងបង្កើនផលិត ភាព, ការកែទម្រង់ស្ថាប័ន និងអភិបាលកិច្ចជាប្រចាំ សម្រាប់ធានាប្រសិទ្ធភាពនៃការគ្រប់គ្រងប្រព័ន្ធ នយោបាយ និងសេដ្ឋកិច្ច រួមទាំងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងប្រព័ន្ធធនាគារ ឱ្យមានប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព ព្រមទាំងបែងចែកផ្លែផ្កាកំណើនឱ្យមានសមធម៌ និងបរិយាប័ន្ន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ជាលទ្ធផល កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចរឹងមាំ ប្រកបដោយចីរភាពក្នុងអត្រាជាមធ្យមប្រមាណ ៧% ក្នុងមួយឆ្នាំ សម្រាប់រយៈពេលជាង២ទស្សវត្សរ៍ កន្លងមកដែលនាំឱ្យកម្ពុជាសម្រេចបានឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតទាបក្នុងឆ្នាំ២០១៥ ដោយទំហំផលិតផលក្នុងស្រុកសរុប (ផ.ស.ស.) កើនឡើងប្រមាណ១០ដង ពីប្រមាណ ៣,១១ ប៊ីលានដុល្លារអាម៉េរិក នៅឆ្នាំ១៩៩៨ ដល់ប្រមាណ ២៩,៦០ប៊ីលាន ដុល្លារអាម៉េរិកនៅ ឆ្នាំ២០២២ ៕