(សេអ៊ូល)៖ កងទ័ពជើងទឹកកូរ៉េខាងត្បូង បាននិយាយថានាវាផ្ទុកយន្ដហោះចម្បាំងអាមេរិក Carl Vinson បានធ្វើដំណើរទៅដល់កំពង់ផែមួយនៃទីក្រុង Busan ហើយ នៅថ្ងៃអង្គារ ទី២១ ខែវិច្ឆិកានេះ ក្នុងគោលបំណងបង្ហាញសាច់ដុំកំញើញប្រឆាំងនឹងកម្មវិធីមីស៊ីល និងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការធ្វើដំណើរមកដល់របស់នាវាផ្ទុកយន្ដហោះចម្បាំងអាមេរិក កើតមានឡើង ក្នុងថ្ងៃតែមួយដែលឆ្មាំសមុទ្រជប៉ុនឱ្យដឹងថាកូរ៉េខាងជើងបានជូនដំណឹង ដល់ទីក្រុងតូក្យូជាមុនពីគម្រោងបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍ជាលើកទី៣ នៅចន្លោះពីថ្ងៃទី២២ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ លោកឧត្តមនាវីត្រីកូរ៉េខាងត្បូង Kim Ji-hoon បានកត់សម្គាល់ថាការមកដល់នៃនាវាផ្ទុកយន្ដហោះចម្បាំងអាមេរិក Carl Vinson បានបង្ហាញពីជំហរការពារជាតិរួមគ្នាដ៏រឹងមាំ និងឆន្ទៈរបស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែងនៃមីស៊ីល និងអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង៕