(អង់ការ៉ា)៖ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ គឺ គណៈកម្មការកិច្ចការបរទេសនៃសភារបស់ប្រទេសតួកគី បានពន្យារពេល បោះឆ្នោតលើសេចក្តីព្រាងច្បាប់ស្តីពីការសុំចូលជាសមាជិកអង្គការ NATO របស់ស៊ុយអែត កាលពី ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដែលហាក់បន្ថយក្តីរំពឹងបន្ថែមទៀតសម្រាប់ស៊ុយអែត ក្នុងការក្លាយជាស មាជិករបស់បក្សសម្ព័ន្ធយោធាមួយនេះ បន្ទាប់ពីរង់ចាំអស់ ១៨ខែមកហើយ។
ប្រធានគណៈកម្មការ លោក Fuat Oktay បាននិយាយថា គណៈកម្មការនៃសភាដែលគ្រប់គ្រង ដោយបក្សកាន់អំណាច របស់លោកប្រធានាធិបតី Tayyip Erdogan នឹងធ្វើការពិភាក្សាគ្នាបន្ថែម ទៀត ហើយអាចនឹងយកសេចក្តីព្រាងច្បាប់នេះដាក់ទៅក្នុងរបៀបវារៈរបស់ខ្លួនវិញ នៅសប្តាហ៍ ក្រោយ។ លោក Oktay បានប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយការជជែកដេញដោលគ្នាជាច្រើន ម៉ោងថា «សមាជិកទាំងអស់ដែលត្រូវពិនិត្យលើសមាជិកភាពណាតូរបស់ស៊ុយអែត ចាំបាច់ត្រូវតែគិត គូរឲ្យបានពេញលេញ។ យើងនឹងពិភាក្សាអំពីបញ្ហានេះនៅក្នុងកិច្ចប្រជុំគណៈកម្មការបន្ទាប់»។ លោក Oktay បានបន្ថែមថា «គណៈកម្មាការអាចអនុម័តលើសេចក្តីព្រាងច្បាប់នេះដោយសំលេងភាគច្រើន ហើយអាចនឹងមានការអញ្ជើញឯកអគ្គរដ្ឋទូតស៊ុយអែត មកកាន់សភាតួកគីដើម្បីធ្វើសេចក្តីសង្ខេប ក្នុងករណីចាំបាច់ និងប្រសិនបើបទប្បញ្ញត្តិរបស់សភាអនុញ្ញាតឲ្យធ្វើបែបនោះ»៕