(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ២កើត ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញ ជាអធិបតីប្រកាសដាក់ឱ្យអនុវត្តន៍ជាផ្លូវការ កម្មវិធីនយោបាយចំនួនពីរក្នុងវិស័យការងារ ដើម្បីជា ឧត្តមប្រយោជន៍សម្រាប់កម្មករ និយោជិត។ កម្មវិធីនយោបាយទាំងពីរនេះ រួមមាន៖ ១៖ របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់បុគ្គលនិយោជន៍ និងអ្នក ក្នុងបន្ទុកសមាជិកបេឡាជាតិរបបសន្តិសុខសង្គម, ២៖ កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និង បច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត គ្រាន់តែបើកទំព័រការងារក្នុងនីតិកាលថ្មីភ្លាម បានប្រកាសការងារ បន្ទាន់ចំនួន៦ ជូនទៅលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ការងារទាំង៦នោះ ត្រូវបានលោករដ្ឋមន្ត្រីសម្រេចជាផ្លែផ្កាជាបន្តបន្ទាប់។
ការដាក់ឱ្យអនុវត្តន៍ជាផ្លូវការនូវ «របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយ ស្ម័គ្រចិត្ត សម្រាប់បុគ្គលនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិកបេឡាជាតិរបបសន្តិសុខសង្គម» និង «កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារ ងាយរងគ្រោះ» គឺជាការសម្រេចបានកិច្ចការចំនួនពីរទៀត ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត បាន ដាក់ជូនលោក ហេង សួរ។
ការពង្រីកវិសាលភាពរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដល់បុគ្គលស្វ័យនិយោជន៍ និងអ្នក ក្នុងបន្ទុកសមាជិកបេឡាជាតិរបបសន្តិសុខសង្គម តាមគោលការណ៍ស្ម័គ្រចិត្តនាពេលនេះ គឺជា ប្រវត្តិសាស្ត្រថ្មីមួយបន្ថែមសម្រាប់កម្ពុជា ដែលបានប្រែក្លាយសេចក្តីប្រាថ្នារបស់បុគ្គលស្វ័យ និយោជន៍ភាគច្រើន ដែលចង់ចូលជាសមាជិកបេឡាជាតិរបបសន្តិសុខសង្គម ក៏ដូចជាក្តីប្រាថ្នារបស់កម្មករនិយោជិតភាគច្រើន ដែល ចង់ឱ្យអ្នកនៅក្នុងបន្ទុករបស់ខ្លួនអាចទទួលបានការធានារ៉ាប់រង សុខភាពដូចខ្លួនដែរ។
តាមរយៈកម្មវិធីនេះ បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិកបេឡាជាតិរបបសន្តិសុខសង្គម រួមមាន ប្តី ឬប្រពន្ធ និងកូនក្នុងបន្ទុក អាចទទួលបានរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដោយគ្រាន់តែបង់ភាគទានត្រឹមតែ ២.៦ភាគរយ នៃប្រាក់ចំណូលជាប់ភាគទាន ៦០ម៉ឺនរៀល ដែលស្មើនឹង ១៥,៦០០រៀល ហើយអាចទទួលបានសេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រ ដែលមានជម្រើសទៅព្យា បាលគ្រប់មន្ទីរ ពេទ្យនានាដែលជាដៃគូបេឡាជាតិរបបសន្តិសុខសង្គមបន្ថែមពីលើមន្ទីរពេទ្យរដ្ឋ។
បុគ្គលស្វ័យនិយោជន៍ ជាស្ត្រីដែលបង់ភាគទានបាន ៩ខែជាប់គ្នា នឹងទទួលបានប្រាក់បំណាច់ លំហែមាតុភាពនៅពេលសម្រាលកូន, និងវិភាជន៍ប្រាក់បូជាសពនៅពេលទទួលមរណភាព។
ការពង្រីកវិសាលភាពរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្តនេះ នឹងគ្របដណ្តប់ដល់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិកបេឡាជាតិរបបសន្តិសុខសង្គម ជាង ៣លាននាក់បន្ថែម ដែលនឹងធ្វើឱ្យរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព នឹងគ្របដណ្តប់ប្រ ជាជនសរុបជាង ៥លាននាក់។
ដោយឡែក «កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះ» គឺជាកម្មវិធីនយោបាយអាទិភាពមួយក្នុងចំណោមកម្មវិធីនយោបាយអាទិ ភាពទាំង៦របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត។ កម្មវិធីនេះ ក៏ជាការគិតគូរ និងផ្តួចផ្តើមឡើងដោយរាជរដ្ឋាភិបាលក្នុងនីតិកាលទី៦ ដែលដឹកនាំដោយសម្តេច តេជោ ហ៊ុន សែន ផងដែរ។
កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់ក្រុមគោលដៅយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស ចំនួន ១,៥លាននាក់ ដោយមិនបង់ថ្លៃសិក្សា និង ទទួលបាននូវប្រាក់ឧបត្ថម្ភប្រចាំខែគឺប្រៀបដូចជាការបង្រៀនដល់យុវជនជាក្រុមគោលដៅឱ្យចេះ ស្ទូចត្រី បន្ថែមពីលើកម្មវិធីបើកផ្ដល់សាច់ប្រាក់ដល់ក្រុមគ្រួសារក្រីក្រជាង ៧០ម៉ឺនគ្រួសារ ដែល រាជរដ្ឋាភិបាលកំពុងអនុវត្ត ឬនិយាយមួយបែបថាកំពុងផ្តល់ត្រីជូនយុវជនជាក្រុមគោលដៅ និងក្រុមគ្រួសារពួកគាត់។
សិស្សដែលបានចុះឈ្មោះចូលរៀន នឹងទទួលបានការសិក្សាដោយមិនបង់ថ្លៃ, ទទួលបានប្រាក់ ឧបត្ថម្ភប្រចាំខែចំនួន ២៨ម៉ឺនរៀល, ទទួលបានការប្រឹក្សាយោបល់ពីការជ្រើសរើសជំនាញ និង ព័ត៌មានទីផ្សារការងារ, ចុះកម្មសិក្សានៅតាមសហគ្រាស គ្រឹះស្ថាន ឧស្សាហកម្ម និងក្រុមហ៊ុន ឯកជន, ជំនាញមួយពិតប្រាកដដែលទីផ្សារការងារកំពុងត្រូវការ និងឱកាសការងារធ្វើសមរម្យ និងប្រាក់ចំណូលទៀងទាត់។
កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជា ជីវៈកំណត់ជ្រើសរើសវិស័យ និងមុខជំនាញអាទិភាព ដោយធ្វើការសិក្សាលើស្ថានភាពសេដ្ឋកិច្ច តាមវិស័យ និងអនុវិស័យ, ការសិក្សាទីផ្សារការងារផ្អែកលើចំនួនរោងចក្រសហគ្រាស និងកម្មករ និយោជិត និងគោលនយោបាយអាទិភាពពាក់ព័ន្ធ ដោយបានកំណត់យកមុខជំនាញសម្រាប់ជំហានដំបូងចំនួន ៣៨មុខជំនាញ នៅក្នុងវិស័យអាទិភាពចំនួន១០ រួមមាន៖ សំណង់, អគ្គិសនីនិងថាម ពល, អេឡិចត្រូនិក, បរិក្ខារត្រជាក់និងកម្ដៅ, កម្មន្តសាល, មេកានិកទូទៅ/មេកា និករថយន្ត, ទេស ចរណ៍, សេវាកម្ម, កសិកម្ម និងកសិ-ឧស្សាហកម្ម, និងធុរកិច្ចនិងព័ត៌មានវិទ្យា។
ដោយឡែកការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា ត្រូវបានរៀបចំ និងអនុវត្តដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងគោលបំណងអភិរក្សចំណេះដឹង និងជំនាញដូនតាឱ្យបានគង់វង្ស និងអភិវឌ្ឍ «ឧស្សាហកម្មវប្បធម៌ និងច្នៃប្រតិដ្ឋបង្កើតថ្មី»។
តាមរយៈកម្មវិធីនយោបាយទាំងពីរខាងលើនេះ បានស្តែងឱ្យឃើញកាន់តែច្បាស់នូវស្មារតីរបស់ រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការលើកកម្ពស់ សុខុមាលភាព និងជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ ស្របតាមគោលដៅនៃយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១៕