អ៊ីស្រាអែលវាយប្រហារបែកខាងត្បូងលីបង់ បន្ទាប់ពីមីស៊ីលប្រឆាំងនឹងរថក្រោះធ្វើឱ្យជនស៊ីវិលមួយចំនួនរងរបួស

(ហ្សេរុយសាឡឹម)៖ អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែលបាននិយាយថា កងកម្លាំងអ៊ីស្រាអែល បានបាញ់កាំភ្លើងធំទៅកាន់ភាគខាងត្បូងប្រទេសលីបង់កាលពីថ្ងៃអាទិត្យ បន្ទាប់ពីមានការបាញ់មីស៊ីលប្រឆាំងរថក្រោះ ចូលតំបន់ក្បែរព្រំដែន ដែលធ្វើឱ្យជនស៊ីវិលអ៊ីស្រាអែលជាច្រើននាក់រងរបួស។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣។

យោធាអ៊ីស្រាអែលបាននិយាយថា «ជនស៊ីវិលមួយចំនួនបានរងរបួស» នៅក្នុងការវាយប្រហារដោយមីស៊ីលប្រឆាំងរថក្រោះ នៅជិតភូមិ Doviv ដែលមានចម្ងាយកន្លះម៉ាយល៍ (៨០០ ម៉ែត្រ) ពីព្រំដែនជាមួយប្រទេសលីបង់។

សាជីវកម្មអគ្គិសនីអ៊ីស្រាអែល បាននិយាយថា មីស៊ីលដែលបានបាញ់ចេញពីប្រទេសលីបង់បាន «វាយប្រហារត្រូវបុគ្គលិករបស់ខ្លួន» ដែលកំពុងជួសជុលខ្សែបណ្តាញអគ្គិសនី ដែលបានខូតខាត ដោយសារការវាយប្រហារលើកមុន៕