ព្រឹកថ្ងៃនេះសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបវិស័យឯកជន ប្រកាសដាក់ចេញកិច្ចអន្តរាគមន៍នានា ដើម្បីលើកកម្ពស់ការធ្វើធុរកិច្ចនៅកម្ពុជា

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ១កើត ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីនៃវេទិកា «រាជរដ្ឋាភិបាល​-ផ្នែក​ឯក​ជន» លើកទី១៩។ វេទិកា «រាជរដ្ឋាភិបាល​-ផ្នែក​ឯក​ជន» គឺជាជំនួប​ដ៏សំខាន់​រវាងរាជរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីបើកការជជែកលើការធ្វើ​ធុរកិច្ចនៅកម្ពុជា។

ក្នុងជំនួបដ៏មានសារៈសំខាន់នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នឹង​ប្រកាស​​ដាក់​ចេញកិច្ចអន្តរាគមន៍ជាច្រើន ដើម្បីលើកកម្ពស់ការធ្វើធុរកិច្ច​នៅ​កម្ពុជា ឆ្លើយតប​នឹង​​វិបត្តិទាំងឡាយ ក៏ដូចជារក្សាបានភាពធន់នៃសេដ្ឋកិច្ចរបស់កម្ពុជា។ វេទិកា​នេះ រៀបចំឡើងនៅវិមានសន្តិភាព។
វេទិការាជរដ្ឋាភិបាលផ្នែកឯកជន ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៩ ក្រោម​គំនិត​ផ្តួច​ផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រី​របស់​កម្ពុជា​នាពេលនោះ។ វេទិកាត្រូវបានធនាគារពិភពលោក ទទួលស្គាល់ថាជាយន្តការកិច្ចសន្ទនារវាងរដ្ឋ និងផ្នែកឯកជន ដែលមានប្រសិទ្ធភាពខ្ពស់ និង​ទទួលបានពិន្ទុវាយតម្លៃសមិទ្ធកម្មខ្ពស់ជាងគេ ក្នុងចំណោមប្រទេសចំនួនជាង២០ផ្សេងទៀត។
វេទិកានេះត្រូវបានរៀបចំឡើងស្ទើររៀងរាល់ឆ្នាំ។ វេទិកាលើកទី១៨ ត្រូវបាន​រៀប​​ចំឡើង​នៅឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា គ្រោងរៀបចំវេទិកាលើកទី១៩ នៅក្នុងឆ្នាំ២០២០ ប៉ុន្តែត្រូវបានពន្យារពេល​រហូតមកដល់បច្ចុប្បន្ន ដោយសារកម្ពុជា ក៏ដូចជាសកលលោក បានប្រឈម​នឹងវិបត្តិនៃជំងឺកូវីដ-១៩។
ទោះជាយ៉ាងនេះក្តី រាជរដ្ឋាភិបាលពុំបានទុកវិស័យឯកជន ឱ្យនៅឯកោនោះ​ឡើយ ពោលគឺតែងតែគិតគូរ បារម្ភ និងឈឺឆ្អាលអំពីសុខុមាលភាព និងការរីក​ចម្រើន​របស់វិស័យ ឯកជនជាប់ជាប្រចាំ កាយវិការទាំងនេះស្តែងចេញតាម​រយៈការដាក់​ចេញនូវយន្តការ និងវិធានការនានា យ៉ាងមានប្រសិទ្ធភាពរបស់​រាជរដ្ឋាភិបាលនាពេលកន្លងមក ដើម្បីឆ្លើយតបទៅនឹងនិន្នាការធំៗ ដែលអាច​ជះឥទ្ធិពលដល់ការសម្រេចចិត្ត និងប្រតិបត្តិការអាជីវកម្មរបស់ធុរជន និងវិនិ​យោគិន មានជាអាទិ៍ ភាពរង្គោះរង្គើ នៃសេដ្ឋកិច្ចសកល ការរៀបចំឡើងវិញ​នូវខ្សែ​ច្រវាក់ផ្គត់ផ្គង់សកល ការបង្កើនការយកចិត្តទុកដាក់លើការ អភិវឌ្ឍ​ប្រកប​ដោយចីរភាព និងបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ព្រមទាំងភាពតានតឹង​នៃភូមិសាស្ត្រនយោបាយ ជាពិសេស វិបត្តិសង្គ្រាមនៅអ៊ុយក្រែន និងនៅមជ្ឈិមបូព៌ាជាដើម។
ពីមួយលើកទៅមួយលើក យន្តការវេទិកានេះ បានពង្រីកវិសាលភាពរបស់ខ្លួន​កាន់​តែធំឡើងៗ ពីចំនួន៧ក្រុមការងារ កើនឡើងដល់១៤ក្រុមការងារតាម​វិស័យ សម្រាប់វេទិកាលើកទី១៩នេះ។
សូមគូសបញ្ជាក់ផងដែរថា វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ត្រូវបានចាត់​ទុក​ជាកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបើកទូលាយ។ ក្នុងន័យនេះ រាល់សេចក្តី​សម្រេចនានារបស់អង្គវេទិកា នឹងមានអានុភាពជាសេចក្ដីសម្រេចរបស់​គណៈរដ្ឋមន្ត្រីផងដែរ៕