ប្រធានាធិបតីឥណ្ឌូណេស៊ី ជំរុញឱ្យលោក ចូ បៃដិន ជួយបិទបញ្ចប់អំពើឃោរឃៅ ក្នុងតំបន់ហ្កាហ្សា


(វ៉ាស៊ីនតោន)៖​  តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៤ ខែ វិច្ឆិកា ឆ្នាំ២០២៣ បានអោយដឹងថា ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ បានជំរុញឱ្យ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ប្រឹងប្រែងបន្ថែមទៀតដើម្បីបិទបញ្ចប់អំពើ ឃោរឃៅនៅ ក្នុងតំបន់ហ្កាហ្សា និងនាំមកនូវបទឈប់បាញ់មួយ នៅក្នុងសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហា ម៉ាស។

ការកត់សម្គាល់បែបនេះរបស់លោក វីដូដូ ធ្វើឡើងអំឡុងជួបពិភាក្សាជាមួយលោក ចូ បៃដិន នៅ ឯសេតវិមានកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ (ម៉ោងនៅ វ៉ាស៊ីនតោន) នាឱកាសបំពេញទស្សនកិច្ច នៅសហរដ្ឋអាមេរិក។ លោក វីដូដូ ដែលជាមេដឹកនាំម្នាក់នៃប្រទេសមានអ្នកកាន់សាសនាអ៉ីស្លាម ធំជាងគេបំផុត នៅលើពិភពលោក បានគូសបញ្ជាក់ថា «ឥណ្ឌូណេស៊ីអំពាវនាវឱ្យសហរដ្ឋអាមេរិក ប្រឹងប្រែងបន្ថែមទៀត ដើម្បីបញ្ឈប់អំពើឃោរឃៅទាំងឡាយនៅក្នុងតំបន់ ហ្កាហ្សា ហើយបទឈប់ បាញ់ជារឿងចាំបាច់បំផុតក្នុងបុព្វហេតុមនុស្សធម៌»។ ប្រធានាធិបតីឥណ្ឌូណេស៊ីរូបនេះបន្ថែមថា លោកក៏នឹងបញ្ជូនសារពិសេសមួយ ពីប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas ដែល បានសុំឱ្យលោកបញ្ជូនសារនេះទៅកាន់លោក ចូ បៃដិន ពាក់ព័ន្ធនឹងសង្រ្គាមអ៉ីស្រាអែល និងក្រុម ហាម៉ាសផងដែរ។

ប៉ុន្តែ ក្នុងជំនួបជាមួយលោក វីដូដូ អ្វីដែលជាការផ្តោតរបស់លោក ចូ បៃដិន គឺផែនការធ្វើបច្ចុប្បន្ន ភាពកិច្ចសហប្រតិបត្តិការជាមួយឥណ្ឌូណេស៊ី ដើម្បីដំឡើង ទំនាក់ទំនងនៃប្រទេសទាំង២ ទៅជា ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់គ្រងជ្រុងជ្រោយ៕