(តៃប៉ិ)៖ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP ប្រាប់អោយដឹងថា តៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែវិច្ឆិកានេះបានឱ្យដឹងថាខ្លួនកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើក្បួន នាវាចម្បាំងចិន ដឹកនាំដោយនាវាផ្ទុក យន្ដហោះចម្បាំង Shandong ដែលធ្វើដំណើរឆ្លងកាត់ច្រក សមុទ្រតៃវ៉ាន់។
តាមសេចក្ដីថ្លែងការណ៍មួយពីក្រសួងការពារជាតិតៃវ៉ាន់ ក្បួននាវាចម្បាំងចិនដឹកនាំដោយនាវាផ្ទុក យន្ដហោះចម្បាំង Shandong បានធ្វើដំណើរចូលច្រកសមុទ្រ តៃវ៉ាន់កាលពីរសៀលថ្ងៃពុធ ទី៨ ខែវិច្ឆិកាដោយធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងតាមបណ្ដោយភាគខាងលិចនៃខ្សែបន្ទាត់កណ្ដាលនៃច្រកសមុទ្រតៃវ៉ាន់។ សេចក្ដីថ្លែងការណ៍នេះដដែលបានបញ្ជាក់ដូច្នេះថា «គិតត្រឹមម៉ោង ៨ព្រឹក ថ្ងៃនេះ ក្បួននាវាចម្បាំងចិននៅតែបន្តធ្វើដំណើរក្នុងទិសដៅឆ្ពោះទៅទិសខាងជើង ឆ្លងកាត់តាមភាគ ខាងជើងនៃច្រកសមុទ្រតៃវ៉ាន់ខណៈយោធាតៃវ៉ាន់កំពុងតាមឃ្លាំមើលស្ថានការណ៍យ៉ាងយកចិត្តទុកដាក់ និងត្រៀមលក្ខណៈសម្រាប់ ការឆ្លើយតប»។
សូមបញ្ជាក់ថា កាលពីខែតុលាកន្លងទៅ ក្បួននាវាចម្បាំងចិនមួយផ្សេងទៀត ដឹកនាំដោយនាវា ផ្ទុកយន្ដហោះចម្បាំង Shandong ក៏ធ្លាប់បានធ្វើដំណើរចូលទៅកាន់ មហាសមុទ្រប៉ាស៊ីហ្វិកផងដែរ ដោយឆ្លងកាត់តាមច្រកសមុទ្រ Bashi Channel ដែលជាផ្លូវទឹកមួយខណ្ឌចែករវាងតៃវ៉ាន់ និងហ្វី លីពីន។ តៃវ៉ាន់កំពុងប្រឈមមុខ នឹងការដាក់សម្ពាធកាន់តែខ្លាំងទាំងខាងយោធា និងនយោបាយ នារយៈពេលពេលប៉ុន្មានឆ្នាំចុងក្រោយនេះពីសំណាក់ចិនដែលចាត់ទុកតៃវ៉ាន់ជាខេត្តមួយ របស់ខ្លួន ហើយព្រមានប្រើកម្លាំងយោធាដើម្បីបង្រួបបង្រួមជាតិ នៅក្នុងករណីចាំបាច់។
ការធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់នៅពេលនេះរបស់នាវាផ្ទុកយន្ដហោះចម្បាំង Shandong កើតមានឡើង បន្ទាប់ពីចិនបាននិយាយថាកងទ័ពរបស់ខ្លួន កំពុងស្ថិតក្នុងលក្ខណៈប្រុងជើងការ ខ្ពស់ជាប្រចាំ បន្ទាប់ពីនាវាចម្បាំងអាមេរិក និងកាណាដាធ្វើដំណើរឆ្លងកាត់តំបន់ច្រកសមុទ្រតៃវ៉ាន់ កាលពីសប្ដាហ៍មុន៕