(វ៉ាស៊ីនតោន)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ គឺ សហរដ្ឋអាមេរិក បានដឹកនាំការវាយប្រហារតាមផ្លូវអាកាសលើឃ្លាំងស្ដុក អាវុធមួយកន្លែង ស្ថិតនៅភាគខាងកើតនៃប្រទេសស៊ីរី ដែលមន្ទីរបញ្ចកោណអះអាងថាត្រូវបានប្រើ ប្រាស់ដោយកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ (IRGC) និងចលនាប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់។
ខណៈភាពតានតឹងបាន និងកំពុងឡើងកម្ដៅជុំវិញសង្រ្គាមរវាងអ៉ីស្រាអែល និងហាម៉ាស កងទ័ព អាមេរិក និងកងទ័ពក្រុមចម្រុះបានទទួលរង ការវាយប្រហារយ៉ាងហោច ៤០លើកទំាងនៅក្នុង ប្រទេសស៊ីរី និងអ៉ីរ៉ាក់ពីសំណាក់ចលនាប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់ចាប់តាំងពីខែតុលាមក ដោយបណ្ដាលឱ្យកងទ័ពអាមេរិក ៤៥នាក់រងរបួស។
តាមរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ការវាយប្រហារតាមផ្លូវអាកាសខាងលើ ធ្វើឡើងដោយយន្ដហោះចម្បាំង F-15 ចំនួន ២គ្រឿង លើឃ្លាំងស្ដុកអាវុធមួយស្ថិតនៅក្នុងទីក្រុង Deir Ezzor ភាគខាងកើតនៃប្រទេសស៊ីរីកាលពីថ្ងៃពុធសប្ដាហ៍នេះ គឺជាការឆ្លើយតបទៅ នឹងការ វាយប្រហារលើកងទ័ពអាមេរិកកាលពីពេលថ្មីនេះ ហើយលោកក៏បានព្រមានដែរថាការវាយប្រហារ លើកងទ័ពអាមេរិកត្រូវតែបញ្ឈប់។
លោក Austin បានគូសបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយដូច្នេះថា « ប្រសិនបើការវាយប្រហារ ពីសំណាក់កូនចៅរបស់អ៉ីរ៉ង់ប្រឆាំងនឹង កងកម្លាំងអាមេរិកនៅតែបន្តកើតមាន នោះយើងនឹងមិន ស្ទាក់ស្ទើរឡើយក្នុងការចាត់វិធានការចាំបាច់បន្ថែមទៀតដើម្បីការពារកងកម្លាំងរបស់ យើង»។ ចំណែក បើតាមអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី មនុស្សយ៉ាងហោច ៩នាក់ត្រូវបានសម្លាប់នៅក្នុង ការវាយប្រហារតាមផ្លូវអាកាស របស់សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ៕