ក្រសួងការបរទេស ដឹកនាំគណៈ​ប្រតិភូ​កម្ពុជា ចូលរួមសន្និសីទថ្នាក់រដ្ឋមន្រ្តីហ្វ្រង់កូហ្វូនី (CMF) លើកទី៤៤ នៅទីក្រុង Yaoundé

(ភ្នំពេញ)៖ តាមការចាត់តាំងរបស់លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកបណ្ឌិត ឈីវ យីស៊ាង រដ្ឋលេខាធិការ និងជាអ្នកសម្របសម្រួលជាតិអមអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) បានដឹកនាំគណៈ​ប្រតិភូ​កម្ពុជា ចូលរួមសន្និសីទថ្នាក់រដ្ឋមន្រ្តីហ្វ្រង់កូហ្វូនី (CMF) លើកទី៤៤ នៅទីក្រុង Yaoundé ​តបតាមការអញ្ជើញរបស់រដ្ឋាភិបាលកាមេរូន ។​

សន្និសីទ CMF នេះ បានប្រព្រឹត្តទៅនៅថ្ងៃទី០៤-០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាព រដ្ឋមន្ត្រីការបរទេសទុយនីស៊ី ​ដែលជាប្រធាន CMF លើកទី៤៤ និងលោកស្រី អគ្គលេខា​ធិការ អង្គការ OIF​ និង​ មាន​ការចូលរួម​ពីសំណាក់រដ្ឋមន្រ្តី​ការបរទេស និង​គណៈប្រតិភូមកពី​ប្រទេសសមាជិកអង្គការ​ OIF ចំនួន៥៤ ព្រមទាំងប្រតិបត្តិករអង្គការ​ហ្វ្រង់កូហ្វូនី និង​តំណាង​​អង្គការ​អន្តរជាតិ និងតំបន់​ជាច្រើន​រូប។

សន្និសីទ CMF លើកទី៤៤ ​ក្រោមមូលបទ «អភិបាលកិច្ចល្អ៖ ការធានាស្ថិរភាពនយោបាយ សេដ្ឋកិច្ច និងវប្បធម៌សម្រាប់ប្រជាពលរដ្ឋនិយាយភាសាបារាំង (Bonne gouvernance: Gage de stabilité politique, économique et culturelle pour les citoyens francophones)» បាន​ផ្តោតការពិភាក្សា​យ៉ាងផុសផុលជាសំខាន់លើ (១) កត្តាដែលនាំឱ្យមានការ​ធ្លាក់ចុះ​នូវលទ្ធិប្រជាធិបតេយ្យ​ក្នុង​ប្រទេសប្រើប្រាស់​ភាសាបារាំង ជាពិសេស នៅក្នុងទ្វីបអាហ្វ្រិក និង ស្ថានការណ៍ពិភពលោកគ្រប ដណ្តប់ដោយវិបត្តិ និង សង្រ្គាមអ៊ុយក្រែន និង មជ្ឈិមបូព៌ា (២) លើតួនាទីរបស់អង្គការ OIF និង រដ្ឋសមាជិកក្នុងស្វែងរកដំណោះស្រាយនិងការស្តារលទ្ធិប្រជាធិបតេយ្យ និង អភិបាលកិច្ចល្អ នៅក្នុងលំហហ្វ្រង់កូហ្វូន (៣) កិច្ចសហប្រតិបត្តិការអន្តរជាតិ ពហុភាគីនិយម និង សាមគ្គីភាពប្រកបដោយបរិយាបន្ន តម្លាភាព ដើម្បីបុព្វហេតុសន្តិភាព ស្ថិរភាព ការីកចម្រើនសេដ្ឋកិច្ច និងការ​អភិវឌ្ឍប្រកបដោយចីរភាព។

អង្គប្រជុំ បានអនុម័តឯកសារជាច្រើន ជាពិសេស សេចក្តីសម្រេច ទីក្រុង Yaoundé (Résolution de Yaoundé) ដែលផ្តោតសារសំខាន់លើ (១) ការលើកកម្ពស់អភិបាលកិច្ចល្អ សន្តិភាព សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដែលជាតម្លៃស្នូលរបស់ហ្វ្រង់កូហ្វូនី នៅក្នុងលំហហ្វ្រង់កូហ្វូន ជាពិសេស តាមរយៈការចូលរួមរបស់ស្រ្តីនិងយុវជន (២)​ សាកលភាវូបនីយកម្មសេដ្ឋកិច្ច ដែលត្រូវបញ្ចូលឱ្យ​កាន់តែច្រើនឡើង នូវតម្រូវការរបស់ប្រទេសកំពុងអភិវឌ្ឍ​ ជាពិសេស ប្រទេសហ្វ្រង់ហ្វូននៃទ្វីបអាហ្វ្រិក និង តួនាទីរបស់អង្គការ OIF ក្នុងការបង្កើតលក្ខខណ្ឌដែលអនុញ្ញាតឱ្យប្រទេសទាំងនេះធ្វើសមាហរណកម្មប្រកបដោយជោគជ័យនៅក្នុងប្រព័ន្ធសេដ្ឋកិច្ចពិភពលោក និង (៣) ការរួម​ចំណែ​ករបស់អង្គការ OIF ក្នុងការដោះស្រាយ​បញ្ហាប្រែប្រួល​អាកាសធាតុ ជាមួយនឹងអង្គការសហប្រជាជាតិ (៤) សារៈសំខាន់ក្នុងលើកតម្កើងការប្រើប្រាស់ភាសាបារាំងនៅក្នុងប្រទេសសមាជិក និង ក្នុងពិភពលោក និង (៥) ការការពារ​និងលើកកម្ពស់ពហុវប្បធម៌ និងពហុភាសាក្នុងបណ្តាប្រទេស​ហ្វ្រង់កូហ្វូនី។

នៅចុងបញ្ចប់នៃកិច្ចប្រជុំ ប្រទេសបារាំង បានទទួលប្រធាន CMF ពីប្រទេសទុយនីស៊ី និង រៀបចំ​កិច្ចប្រជុំ CMF លើកទី៤៥ មួយថ្ងៃមុនកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ និង ៥ ខែតុលា​ ឆ្នាំ២០២៤ នៅ Château de Villers-Cotterêts ទីក្រុងប៉ារីស ក្រោម​មូលបទ «បង្កើត ធ្វើនវានុវត្តន៍ និង សហគ្រិនភាព ជាភាសាបារាំង»៕