សម្ដេចធិបតី ហ៊ុន ម៉ាណែត ដាក់ចេញផែនការមេអភិវឌ្ឍន៍ខេត្តជាប់សមុទ្រ ពិសេសខេត្តព្រះសីហនុ ដែលមានសក្ដានុពលខ្លាំងសម្រាប់ជាតិ

(ព្រះសីហនុ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចកំពុងដាក់ចេញផែនការមេ សម្រាប់អភិវឌ្ឍន៍ខេត្តព្រះសីហនុ និងខេត្តជាប់សមុទ្រ ប៉ុន្ដែមិនយកខេត្តជាប់សមុទ្រដទៃទៀត មកប្រកួតប្រជែងជាមួយខេត្តព្រះសីហនុនោះឡើយ។

ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ប្រមាណ១៥,១៩៤នាក់នៅ តំបន់សេដ្ឋកិច្ចពិសេស ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា ខេត្តព្រះសីហនុ បើអភិវឌ្ឍន៍បានត្រឹមត្រូវនាំសេដ្ឋកិច្ចឲ្យជាតិច្រើនណាស់ ពិសេសខេត្តជាប់ខេត្តព្រះសីហនុតែម្ដង។

បើតាមប្រសាសន៍របស់សម្ដេចធិបតីនាយករដ្ឋមន្ដ្រី, ខេត្តព្រះសីហនុ មានសក្តានុពលធំណាស់ សម្រាប់ជាតិកម្ពុជា ហើយពាក់ព័ន្ធផែនការអភិវឌ្ឍន៍ដ៏មានសក្ដានុពលមួយនេះ គឺរាជរដ្ឋាភិបាលបានប្រគល់ភារកិច្ចជូន ឧបនាយករដ្ឋមន្ដ្រី ស៊ុន ចាន់ថុល។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «យើងកំពុងធ្វើផែនការមេដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុ និងខេត្តជាប់សមុទ្រ។ ខ្ញុំឲ្យមានការគិតគូររួម កុំឲ្យគិតគូរដាច់ដោយដុំ ត្រូវគិតគូរជាកញ្ចប់ ជាមាត្រដ្ឋាន។ បើយើងគិតតែខេត្តព្រះសីហនុ យកខេត្តបីទៀតជាគូរប្រជែងយើងអត់យកសក្ដានុពលបានទេ។ យើងត្រូវយកខេត្ត៤របស់យើង (ជាប់សមុទ្រ) ប្រកួតប្រជែងជាមួយប្រទេសផ្សេងៗ»

សម្ដេចធិបតីនាយករដ្ឋមន្ដ្រី បានណែនាំឲ្យរៀបចំ និងពិនិត្យគិតគូរអំពីកំពង់សមុទ្រដែលកំពុងមានចំនួន៤ ក្នុងនោះខេត្តព្រះសីហនុ មួយ, ខេត្តកំពត ពីរ និងខេត្តកោះកុងមួយ ដោយត្រូវធ្វើយ៉ាងណាឲ្យប្រទាក់ក្រឡាគ្នា តែមិនប្រកួតប្រជែងគ្នានោះទេ ហើយមានគោលដៅរួមដូចគ្នា គឺប្រកួតប្រជែងជាមួយប្រទេសជិតខាង។ ក្នុងនោះ ត្រូវបែងចែកគ្នាឲ្យច្បាស់ថា កំពង់ផែណាសម្រាប់ទេសចរណ៍ និងកំពង់ផែណាសម្រាប់ទំនិញ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ខេត្តជាប់សមុទ្រទាំង៤របស់កម្ពុជា សុទ្ធតែមានសក្ដានុពលទេសចរណ៍ទាំងអស់ ដោយត្រូវដាក់ចេញទិសដៅវិនិយោគឲ្យចំទិសដៅ។ ឧទាហរណ៍៖ ខេត្តព្រះសីហនុ មានតំបន់កោះច្រើន ត្រូវវិនិយោគទៅលើកោះ, ខេត្តកំពត មានធនធានធម្មជាតិច្រើន ត្រូវវិនិយោគឲ្យចំអ្វីដែលមាន។

ដោយឡែក វិស័យអចលនទ្រព្យក៏ត្រូវពង្រឹងឡើងវិញផងដែរ ដែលកន្លងមកកម្ពុជាហាក់បានដើរលឿនលើវិស័យនេះ ប៉ុន្ដែមួយរយៈកាលចុងក្រោយនេះត្រូវបានជាប់គាំង ក្នុងនោះទាំងកម្ពុជា និងសកលតែម្ដង ដែលនេះហាក់ដូចជាវត្តន៍រយៈពេល១០ឆ្នាំត្រូវជួបប្រទះនូវការជាប់គាំងម្ដង។ នេះជាអ្វីដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់បន្ថែម។ ប៉ុន្ដែទោះជាយ៉ាងណា បញ្ហាជាប់គាំងលើវិស័យអចនលទ្រព្យនេះ ក្រុមការងាររាជរដ្ឋាភិបាលកំពុងដោះស្រាយជាប់ជាប្រចាំ ពិសេសនៅខេត្តព្រះសីហនុតែម្ដង។

បន្ថែមពីនេះ ការពង្រឹងលើការងារសន្ដិសុខ សណ្ដាប់ធ្នាប់ ក៏ជាកត្តាមួយសំខាន់ផងដែរ នៅទូទាំងប្រទេសទាំងអស់ ពិសេសនៅតំបន់ទេសចរណ៍ និងឧស្សាហ៍កម្ម ព្រោះទេសចរមិនអាចទៅកម្សាន្ដបានទេ នៅកន្លែងគ្មានសន្ដិសុខល្អ គ្មានសណ្ដាប់ធ្នាប់ ហើយអ្នកវិនិយោគក៏ដូចគ្នាដែរ ដូច្នេះការងារពង្រឹងសន្ដិសុខ សណ្ដាប់ធ្នាប់ និងស្ថេរភាព គឺជារឿងដែលចាំបាច់បំផុត។

ជាមួយគ្នានេះ ការភ្ជាប់នូវការហោះហើរត្រង់ រវាងខេត្តព្រះសីហនុ និងតំបន់ទេសចរណ៍ល្បីៗនៅក្នុងតំបន់ ក៏ត្រូវគិតគូរផងដែរ ដែលម្សិលមិញសម្ដេចបានណែនាំអំពីការងារនេះ ក្នុងកិច្ចប្រជុំផ្នែករាជរដ្ឋាភិបាល និងផ្នែកឯកជន ពិភាក្សាការងារលើវិស័យទេសចរណ៍នៅកម្ពុជា។ នេះបើតាមប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា។ ទាំងអស់នេះ សំដៅធ្វើយ៉ាងណាទាក់ទាញវិនិយោគ បង្កើតការងារ និងបង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋផងដែរ៕