(ប៉ារីស)៖ រដ្ឋមន្ត្រីការពារជាតិបារាំងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទសប្តាហ៍នេះថា ប្រទេសបារាំងនឹងបញ្ជូនរថពាសដែករាប់សិបគ្រឿងទៅឱ្យកងទ័ពលីបង់ ដើម្បីឱ្យខ្លួនអាចបំពេញភារកិច្ចល្បាត ក្នុងប្រទេសបានត្រឹមត្រូវ។ នេះបើយោងតាមការចេញផ្សាដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣។
ថ្លែងទៅកាន់កាសែត L’Orient Le Jour របស់ប្រទេសលីបង់ បន្ទាប់ពីការធ្វើដំណើរទៅកាន់ប្រទេសនេះ លោក Sebastien Lecornu បាននិយាយថា វាមានសារៈសំខាន់ណាស់ក្នុងការពង្រឹងកងទ័ពជាតិលីបង់ ដើម្បីឱ្យវាអាចសម្របសម្រួលបានយ៉ាងល្អ ជាមួយកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅពេលដែលភាពតានតឹងកើនឡើងរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ដែលគាំទ្រហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់។
លោកបាននិយាយថា «យើងនឹងបន្តភាពជាដៃគូរបស់យើងជាមួយឧបករណ៍យោធា ជាពិសេសសម្រាប់ការដឹកជញ្ជូនកងទ័ពដែលការពារដោយពាសដែក ដែលជាគន្លឹះក្នុងការរក្សាការល្បាត» ដោយបន្ថែមថា រថពាសដែកជាច្រើនគ្រឿងនឹងត្រូវប្រគល់ឱ្យកងទ័ពលីបង់ក្នុងពេលឆាប់ៗនេះ។
លោក Lecornu បានបន្ថែមទៀតថា «ការគាំទ្ររបស់យើងសម្រាប់កងទ័ពលីបង់គឺសម្រាប់រយៈពេលយូរ ទោះបីជាមានការលំបាកនាពេលបច្ចុប្បន្នក៏ដោយ»។
លោកបានមានប្រសាសន៍ថា ទីក្រុងប៉ារីសក៏នឹងផ្តល់ថ្នាំពេទ្យ និងកំពុងបង្កើតកម្មវិធីរួមគ្នាមួយដើម្បីទិញការផ្គត់ផ្គង់វេជ្ជសាស្រ្តក្នុងតម្លៃសមរម្យសម្រាប់កងទ័ពលីបង់នាពេលអនាគត។