(បាកដាដ)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានធ្វើទស្សនកិច្ចដោយមិនប្រកាសឱ្យដឹងមុនទៅកាន់ប្រទេសអ៉ីរ៉ាក់ កាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍កន្លងទៅនេះ នាឱកាសដែលលោកបំពេញទស្សនកិច្ចក្នុងតំបន់មជ្ឈិមបូព៌ា ដើម្បីព្យាយាមទប់ស្កាត់កុំឱ្យសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស ធ្លាយចេញពីតំបន់ហ្កាហ្សា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣។
ក្រោយបញ្ចប់ទស្សនកិច្ចនៅក្នុងតំបន់ West Bank លោក Blinken បានធ្វើដំណើរទៅដល់ទីក្រុងបាកដាដ កាលពីល្ងាចថ្ងៃអាទិត្យ ដែលជាទស្សនកិច្ចលើក ដំបូងបំផុតរបស់លោកនៅអ៉ីរ៉ាក់ ក្នុងនាមជាប្រមុខការទូតអាមេរិក និងបានបើកកិច្ចពិភាក្សាជាមួយនាយករដ្ឋមន្ត្រីអ៉ីរ៉ាក់ លោក មហំាម៉ាត់ អាល់ ស៊ូដានី (Mohammed al Sudani)។ លោក Blinken បានទៅដល់អាកាសយានដ្ឋានអន្តរជាតិទីក្រុងបាកដាដ ដោយស្លៀកអាវក្រោះការពារគ្រាប់ និងឡើងជិះ ឧទ្ធម្ភាគចក្រ Black Hawk ទៅកាន់តំបន់ Green Zone។
ថ្លែងប្រាប់អ្នកសារព័ត៌មាន លោក Blinken បាននិយាយថាសហរដ្ឋអាមេរិកកំពុងប្រឹងប្រែងធ្វើការ ដើម្បីធានាឱ្យបានថាសង្រ្គាមក្នុងតំបន់ហ្កាហ្សា នឹងមិន រាលដាលផ្ទុះទៅជាសង្រ្គាមទ្រង់ទ្រាយធំនៅក្នុងតំបន់នោះទេ។ លោកបន្តថាលោកបានជួបសន្ទនាប្រកបដោយភាពស្មោះត្រង់ជាមួយរដ្ឋាភិបាលអ៉ីរ៉ាក់ ហើយ ថាក្រុមមន្ត្រីអាមេរិកកំពុងព្យាយាមជំរុញឱ្យមានបទឈប់បាញ់មនុស្សធម៌ ក្នុងតំបន់ហ្កាហ្សា ដែលផ្តោតជាអាទិភាពជាច្រើនក្នុងនោះមានទាំងការផ្ដល់ជំនួយ បន្ថែម និងរំដោះចំណាប់ខ្មាំង។