រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម ជួបពិភាក្សាការងារជាមួយប្រធានសភាពាណិជ្ជកម្មសហភាពអឺរ៉ុប និងក្រុមប្រឹក្សាតំបន់នៃទីក្រុង Markham ប្រទេសកាណាដា

 (ភ្នំពេញ)៖ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ ២០២៣​នេះ បានអនុញ្ញាតជូនលោក Tassilo Brinzer ប្រធានសភាពាណិជ្ជកម្មសហភាពអឺរ៉ុប ប្រចាំកម្ពុជា (EuroCham Cambodia) និងគណៈប្រតិភូ ដែលជាតំណាងក្រុមហ៊ុន និងសមាគមន៍ អន្តរជាតិមកពីបណ្តាប្រទេសសហភាពអឺរ៉ុបប្រមាណ១១ក្រុមហ៊ុន/សមាគមន៍ ដើម្បីជួបសម្តែងការ គួរសម។ ក្នុងជំនួបនោះ បានពិភាក្សាអំពីវឌ្ឍនភាពធុរកិច្ចនិងវិនិយោគ អំពីការបោះពុម្ពផ្សាយ សៀវភៅធុរកិច្ច EuroCham White Book 2024 ព្រមទាំងអំពីសំណូមពរពាក់ព័ន្ធគោលនយោ បាយពាណិជ្ជកម្ម និងលទ្ធភាពក្នុងការពង្រីកកិច្ចសហប្រតិបត្តិការបន្ថែម នៅកម្ពុជា។

នៅព្រឹកដដែលនេះ លោកស្រីរដ្ឋមន្ដ្រី ក៏បានអនុញ្ញាតជូនលោក Michael Chan អភិបាលរង និងជាក្រុមប្រឹក្សាតំបន់នៃទីក្រុង Markham និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និង ពិភាក្សាការងារអំពីកិច្ចសហប្រតិបត្តិភាពជាដៃគូ ក្នុងការផលិតកសិផលមានសក្តានុពលកម្ពុជា ឲ្យមានគុណភាពខ្ពស់ និងនាំចេញទៅកាន់ទីផ្សារប្រទេសកាណាដា។

នៅក្នុងជំនួបនេះ ក៏បានពិភាក្សាអំពីលទ្ធភាពក្នុងការបង្កើតមជ្ឈមណ្ឌលផ្តល់វិញ្ញាបនបត្រ និងធ្វើ តេស្តគុណភាព សម្រាប់ការនាំចូល និងនាំចេញផងដែរ៕