រដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ដឹកនាំកិច្ចប្រជុំគណៈកម្មការគ្រប់គ្រងធនធានមនុស្សរបស់ក្រសួងអភិវឌ្ឍន៍ ជនបទ


(ភ្នំពេញ)៖ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចប្រជុំរបស់ គណៈកម្មការគ្រប់គ្រងធនធានមនុស្សរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីធានាប្រសិទ្ធភាព លើការ ងារពង្រឹងស្ថាប័ន និងការពង្រឹងការគ្រប់គ្រងធនធនមនុស្សរបស់ក្រសួងបានដោយជោគជ័យ។

កិច្ចប្រជុំនេះធ្វើឡើងនារសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការចូលរួមពីរដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋានទាំង១១ ជាសមាសភាពនៃគណៈកម្មការគ្រប់គ្រងធនធានមនុស្ស របស់ក្រសួងអភិវឌ្ឍន៍ជនបទចូលរួមដោយផ្ទាល់ ព្រមទាំងប្រធានមន្ទីរ និងអនុប្រធានមន្ទីរអភិវឌ្ឍន៍ ជនបទរាជធានី ខេត្តទាំង២៥ ចូលរួមតាមប្រព័ន្ធនិម្មិត (zoom)។

ឯកឧត្តម រដ្ឋមន្ត្រីបានឱ្យដឹងថា ការពង្រឹងស្ថាប័ន និងការអភិវឌ្ឍធនធានមនុស្សរបស់ក្រសួង អភិវឌ្ឍន៍ជនបទ គឺជាការចូលរួមចំណែកអនុវត្តយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី១ របស់រាជ រដ្ឋាភិបាល ដែលបានកំណត់ជាអាទិភាពទី១ គឺការអភិវឌ្ឍមូលធនមនុស្ស ដែលជាមូលដ្ឋានគ្រឹះ ដើម្បីកសាងប្រទេសកម្ពុជារីកចម្រើនឈានទៅសម្រេចបានចក្ខុវិស័យកម្ពុជាជាប្រទេសមានចំណូលខ្ពស់ត្រឹមឆ្នាំ២០៥០។

ក្នុងឱកាសនោះ ឯកឧត្តម រដ្ឋមន្ត្រីបានផ្ដល់ឱកាសដល់សមាជិកអង្គប្រជុំចូលរួមយោបល់លើការងារ ពាក់ព័ន្ធនឹងការងារពង្រឹងស្ថាប័ន ការបែងចែកភារកិច្ចទាំងមន្រ្ដីក្របខណ្ឌ និងមន្ត្រីជាប់កិច្ចសន្យាទៅ តាមគុណាធិបតេយ្យ។

ដើម្បីធានាប្រសិទ្ធភាព លើការងារពង្រឹងស្ថាប័ន និងការពង្រឹងការគ្រប់គ្រងធនធនមនុស្សរបស់ ក្រសួងបានដោយជោគជ័យ លោក ឆាយ ឫទ្ធិសែន បានផ្ដល់អនុសាសន៍ដូចខាងក្រោម៖

* បន្ដអនុវត្តការចុះបញ្ជីវត្តមានមន្ត្រី និងបង្កើតប្រព័ន្ធវាយតម្លៃ ដើម្បីផ្ដល់ការលើកទឹកចិត្តតាមមធ្យោ បាយនានា ដូចជាដំឡើងឋានន្ដរស័ក្ដិ គ្រឿងឥស្សរិយយស ឬរង្វាន់ផ្សេងៗដល់មន្រ្ដីរាជការទាំងនៅ ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

* ធ្វើបច្ចុប្បន្នភាពភារកិច្ចរបស់អង្គភាពទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិឱ្យស្របតាមកម្មវិធី អាទិភាពរបស់ក្រសួង និងចាត់មន្រ្ដីឱ្យត្រូវតាមជំនាញ និងស្របតាមតម្រូវការការងារក្នុងអង្គភាព។

* ធ្វើបច្ចុប្បន្នភាពប្រវត្តិរូបសង្ខេប និងកម្រិតជំនាញរបស់មន្ដ្រីរាជការទាំងនៅថ្នាក់ជាតិ និងថ្នាក់ ក្រោមជាតិ។

* ធ្វើបច្ចុប្បន្នភាពប្រវត្តិរូបសង្ខេប និងកម្រិតជំនាញរបស់មន្ដ្រីជាប់កិច្ចសន្យាទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងការចាត់តាំងទៅតាមជំនាញ និងស្របតាមតម្រូវការការងារក្នុងអង្គភាព។

* ស្នើសុំរដ្ឋលេខាធិការប្រចាំការ និងជាប្រធានគណៈកម្មការធនធានមនុស្សក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំកិច្ចប្រជុំដើម្បីត្រួតពិនិត្យ និងអនុវត្តការងារដែលបានបែងចែកខាងលើឱ្យមានប្រសិទ្ធភាព៕