(យ៉ាងហ្គន)៖ តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ មីយ៉ាន់ម៉ា ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌ មាន AFP នៅថ្ងៃសុក្រ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ អោយដឹងថា មេដឹកនាំរបបសឹកមីយ៉ាន់ម៉ា បាន និយាយថាយោធារបស់លោកនឹងវាយបកទៅលើក្រុមប្រដាប់អាវុធជនជាតិភាគតិច ដែល បានវាយ ដណ្ដើមកាន់កាប់ទីក្រុងមួយយុទ្ធសាស្ត្រមួយ នៅភាគខាងជើងនៃប្រទេស ជាប់ព្រំដែនជាមួយចិន។
ការវាយប្រយុទ្ធគ្នារវាងយោធាមីយ៉ាន់ម៉ា និងក្រុមប្រដាប់អាវុធជនជាតិភាគតិច បានផ្ទុះឡើងអស់ រយៈពេលជាច្រើនសប្ដាហ៍មកហើយ ក្នុងរដ្ឋ Shan ស្ថិតនៃភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ា ដែល ក្រុមអ្នកវិភាគចាត់ទុកថានេះជាការគំរាមកំហែងយោធាធំបំផុតចំពោះរបបសឹក ចាប់តាំងពី បានធ្វើ រដ្ឋប្រហារដណ្ដើមអំណាចកាលពីឆ្នាំ២០២១មក។
ក្រុមប្រដាប់អាវុធជនជាតិភាគតិច Myanmar National Democratic Alliance Army (MNDAA) Ta’ang National Liberation Army (TNLA) និង Arakan Army (AA) បានអះអាងកាលពីថ្ងៃ ព្រហស្បតិ៍ថាពួកគេបានដណ្ដើមបានប៉ុសិ៍យោធារាប់សិបកន្លែង និងទីក្រុងចំនួន៤ ក្នុងនោះរួមមាន ទីក្រុងយុទ្ធសាស្ត្រ Chinshwehaw ដែលស្ថិតនៅជាប់ព្រំប្រទល់ខេត្ត Yunnan របស់ប្រទេសចិន។
យ៉ាងណាក៏ដោយនៅក្នុងសុន្ទរកថាមួយចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ានៅថ្ងៃសុក្រនេះ មេដឹកនាំរបបសឹក លោក Min Aung Hlaing បានគូសបញ្ជាក់ថារដ្ឋាភិបាលនឹងបើកការវាយ បកប្រឆាំងក្រុមប្រដាប់អាវុធ ហើយក៏បានចោទប្រកាន់ និងព្រមានសងសឹកផងដែរទៅនឹង កងទ័ព ឯករាជ្យកាជីន Kachin Independence Army (KIA) ជាកងទ័ពជនជាតិភាគតិចក្នុងរដ្ឋ Kachin សម្រាប់ការវាយប្រហារ លើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងមូលដ្ឋានយោធាមីយ៉ាន់ម៉ា៕