រដ្ឋមន្រ្តីការបរទេសជប៉ុន នឹងធានាដល់សមភាគីប៉ាឡេស្ទីន លើការផ្តល់ជំនួយ

(តូក្យូ)៖  យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ គឺ រដ្ឋមន្រ្តីការបរទេសជប៉ុន លោកស្រី Yoko Kamikawa បាននិយាយនៅថ្ងៃ ព្រហស្បតិ៍នេះថា លោកស្រីនឹងជួបសមភាគីប៉ាឡេស្ទីន អំឡុងពេលបំពេញទស្សនកិច្ចនៅអ៉ីស្រា អែល និងហ៊្សកដានី ហើយនឹងបញ្ជាក់អះអាង ការត្រៀមខ្លួនជានិច្ចរបស់ជប៉ុន ក្នុងការផ្តល់ជំនួយ សម្រាប់ប៉ាឡេស្ទីន។

លោកស្រី Kamikawa ក៏នឹងត្រូវជួបរដ្ឋមន្រ្តីការបរទេសអ៉ីស្រាអែល លោក Eli Cohen ផងដែរ ក្នុងដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃ គិតចាប់ពីថ្ងៃសុក្រសប្តាហ៍នេះ ខណៈដែលវិបត្តិនៅតំបន់ Gaza កាន់តែធ្ងន់ធ្ងរ បន្ទាប់ពីមានការវាយប្រហារលើជំរំជនភៀសខ្លួន និងខណៈដែលជនបរទេស រួមទាំងជនជាតិជប៉ុន កំពុងស្វែងរកការចាកចេញតំបន់នោះ។

លោកស្រី Kamikawa បានបង្ហើបឲ្យដឹងថា «ខ្ញុំរំពឹងថានឹងពិភាក្សាអំពីរបៀបឆ្លើយតបទៅនឹងស្ថាន ភាពមនុស្សធម៌ដ៏ធ្ងន់ធ្ងរ នៅក្នុងតំបន់ Gaza ក៏ដូចជាធ្វើទំនាក់ទំនងដោយផ្ទាល់អំពីការត្រៀមខ្លួន របស់ជប៉ុន ក្នុងការបន្តផ្តល់ជំនួយ»។ យ៉ាងនេះក្តី លោកស្រីមិនបានបញ្ជាក់ថា នឹងត្រូវជួបសមភាគី ប៉ាឡេស្ទីនរូបណានោះទេ។

គួរបញ្ជាក់ថា ជនជាតិជប៉ុនចំនួន១០នាក់ និងសមាជិកគ្រួសារប៉ាឡេស្ទីន ៨នាក់របស់ពួកគេ ដែល មានបំណងចាកចេញពីតំបន់ Gaza បានជម្លៀសខ្លួនទៅកាន់អេហ្ស៉ីប ជាមួយនិងស្ថានភាពសុខ ភាពល្អប្រសើរ៕