(ភ្នំពេញ)៖ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅទីស្តីការក្រសួង នា ព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំរៀបចំផែនការសកម្មភាពសម្រាប់គ្រប់គ្រង និងអភិវឌ្ឍវិស័យធនធានទឹក និងឧតុនិយមឆ្នាំ២០២៤ និងផែនការយុទ្ធសាស្ត្រ និងផែនការសកម្ម ភាពរយៈពេល ៣ ឆ្នាំ (២០២៥-២០២៧)។
សូមជម្រាបថា កិច្ចប្រជុំពិភាក្សារៀបចំផែនការនេះមានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៣ ខែវិច្ឆិកា ដោយមានការចូលរួមពីលោករដ្ឋលេខាធិការប្រចាំការ ថ្នាក់ដឹកនាំ និងប្រធានមន្ទីរធនធាន ទឹក និងឧតុនិយមរាជធានី-ខេត្តទាំងអស់។
ថ្លែងក្នុងឱកាសបើកកិច្ចប្រជុំ ឯកឧត្តម រដ្ឋមន្រ្តីបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងនាពេលកន្លេងមករបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ក្រោមកិច្ចសហការល្អពីគ្រប់ភាគីពាក់ព័ន្ធ ស្របតាមយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ និង យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។ ក្នុងនោះទឹកជាវិស័យអាទិភាពមួយក្នុងចំណោមអាទិភាពគន្លឹះចំនួន៥ មនុស្យ ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា ដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់។
ឯកឧត្តម រដ្ឋមន្ត្រីបានលើកឡើងថា កិច្ចប្រជុំរៀបចំផែនការសកម្មភាពនាពេលនេះត្រូវមានលក្ខណៈ ជាក់ស្តែងតបតាមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្រ្តីកម្ពុជា ដែលសម្តេចបានណែនាំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងធនធានទឹក និងឧតុនិយម និងគ្រប់មន្ទីររាជធានី-ខេត្តត្រូវយកចិត្តទុកដាក់រៀបចំផែនការ ទី១)៖ តំបន់វាលទំនាបដែលទទួលរងការលិចទឹកជាប្រចាំដោយធម្មជាតិ ទី២)៖ តំបន់រងគ្រោះទឹកជំនន់ ប៉ុន្តែអាចកាត់បន្ថយបានតាមរយ:ការកសាងហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្ត ឬអាងស្តុកទឹក ទី៣)៖ តំបន់រងគ្រោះទឹកជំនន់ដែលបណ្តាលមកពីការអភិវឌ្ឍ និងត្រូវមានផែនការយុទ្ធសាស្រ្តជាដំណោះ ស្រាយ។
ឯកឧត្តម រដ្ឋមន្រ្តី ក៏បានណែនាំឱ្យពិនិត្យមើលឡើងវិញនូវការបំពេញតួនាទីភារកិច្ចនាពេលកន្លងមក និងឆ្លុះបញ្ចាំងពីចំណុចខ្លាំងនិងចំណុចខ្សោយក៏ដូចជាបញ្ហាប្រឈមចំពោះមុខ ដើម្បីរួមគ្នាគិតដោះ ស្រាយឱ្យបានទាន់ពេលវេលា ជាពិសេសធ្វើយ៉ាងណាឱ្យការរៀបចំផែនការសកម្មភាពឆ្នាំ២០២៤ និងផែនការយុទ្ធសាស្ត្រនិងផែនការសកម្មភាពរយៈពេលបីឆ្នាំ (២០២៥-២០២៧) ទទួលបានជោគ ជ័យ និងគ្រប់ជ្រុងជ្រោយ។
ឆ្លៀតក្នុងឱកាសនោះ ក្នុងនាមជាប្រធានគណៈកម្មការ ឯកឧត្តម រដ្ឋមន្ត្រីក៏បានប្រកាសពីសុពលភាព នៃគណៈកម្មការ និងអនុគណៈកម្មការរៀបចំតាក់តែង និងធ្វើបច្ចុប្បន្នកម្មច្បាប់ គោលនយោបាយ ផែនការមេ ផែនការយុទ្ធសាស្ត្រ និងលិខិតបទដ្ឋានគតិយុត្ត របស់ក្រសួងធនធានទឹក និងឧតុនិយម ដែលបានបង្កើតឡើងដោយសេចក្ដីសម្រេចលេខ១៤៨ សសរ.ធទឧ ចុះថ្ងៃទី៤ ខែតុលា ឆ្នាំ ២០២៣។
សូមជម្រាបថា សេចក្ដីសម្រេចលេខ១៤៨ បានរៀបចំបែងចែកជាអនុគណៈកម្មការចំនួន ៥ ដើម្បី ពិនិត្យនិងរៀបចំតាក់តែង និងធ្វើបច្ចុប្បន្នកម្មច្បាប់ គោលនយោបាយ ផែនការមេ ផែនការយុទ្ធ សាស្ត្រ និងលិខិតបទដ្ឋានគតិយុត្តរបស់ក្រសួងធនធានទឹក និងឧតុនិយម ក្នុងគោលដៅពង្រឹង ប្រសិទ្ធភាពការងារគតិយុត្តរបស់ក្រសួង។
ឯកឧត្តម រដ្ឋមន្ត្រីបានស្នើឱ្យ លោករដ្ឋលេខាធិការ ដែលជាប្រធានអនុគណៈកម្មការនីមួយៗ ចាត់ ចែងរៀបចំប្រជុំអនុគណៈកម្មការរបស់ខ្លួនឱ្យបានឆាប់ ដើម្បីអនុវត្តភារកិច្ចដូចមានកំណត់ក្នុងសេចក្តី សម្រេច។ ឯកឧត្តម រដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ទិសដៅជាអាទិភាពគឺការរៀបចំសេចក្តីព្រាងអនុ ក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងធនធានទឹក និងឧតុនិយមឡើងវិញ ដោយ ពិនិត្យមើលលើមុខងារ និងភារកិច្ចរបស់ក្រសួង ដើម្បីឱ្យស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។
នៅក្នុងកិច្ចប្រជុំនេះដែរ ក៏មានការធ្វើបទបង្ហាញជាបន្តបន្ទាប់របស់ថ្នាក់ដឹកនាំមន្ទីរធនធានទឹក និងឧតុនិយមមកពីបណ្តាខេត្តដូចជា ខេត្តកំពង់ឆ្នាំង ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តបាត់ដំបង ខេត្តប៉ៃលិន និងខេត្តតាកែវ។
ឯកឧត្តម រដ្ឋមន្ត្រីក៏បានផ្តាំផ្ញើដល់លោកថ្នាក់ដឹកនាំ និងមន្ទីររាជធានី-ខេត្តទាំងអស់បន្តយកចិត្ត ទុកដាក់ អនុវត្តការងារឱ្យកាន់តែសកម្ម និងមានប្រសិទ្ធភាពថែមទៀត ដើម្បីនាំមកនូវជោគជ័យ និងសមិទ្ធផលថ្មីៗ បន្ថែមទៀត ជូនស្ថាប័នក៏ដូចជារាជរដ្ឋាភិបាល និងប្រទេសជាតិ និង ចូលរួម រៀបចំ និងពង្រឹងការងារគតិយុត្តរបស់ក្រសួងឱ្យស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា៕