(ចិន)៖ ក្នុងឱកាសអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការ និង ជាមិត្តភាពនៅសាធារណរដ្ឋប្រជាមានិតចិន និងចូលរួមក្នុង វេទិកា សៀងសាន លើកទី១០ នៅទីក្រុងប៉េកាំង នៅរសៀលថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ អមដោយ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេសក្រសួងការពារជាតិ និងនាយទាហាននៅក្នុងក្រសួងការពារជាតិមួយចំនួនទៀតបានជួបប្រជុំទ្វេភាគីជាមួយនាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់ហ្សាង រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម។
ក្នុងជំនួបនោះ រដ្ឋមន្ត្រីការពារជាតិទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងក្រសួងការពារជាតិទាំងពីរ និងកងទ័ពទាំងពីរ កម្ពុជា វៀតណាម ដែលបានធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាបានយ៉ាងល្អប្រសើរ។
ក្នុងឱកាសនោះ រដ្ឋមន្ត្រីការពារវៀតណាម បានសម្តែងការអបអរសាទរ និងជូនពរដល់នាយឧត្តមសេនីយ៍ ទៀ សីហា ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា តែងតាំងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នីតិកាលទី៧ នៃរដ្ឋសភា។
រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ក៏បានសម្ដែងការអបអរសាទរចំពោះលទ្ធផលនៃការបោះឆ្នោតនៅកម្ពុជាដែលបានទទួលជោគជ័យទាំងស្រុង។
ឆ្លៀតក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់ហ្សាង បានផ្ដាំផ្ញើការសួរសុខទុក្ខជូនចំពោះសម្ដេចពិជ័យសេនា ទៀ បាញ់ អតីតឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិផងដែរ។
នាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់ហ្សាង ក៏បានរំលឹកឡើងវិញអំពីប្រពៃណីសាមគ្គីសហការគ្នារវាងកងទ័ពទាំងពីរ កម្ពុជា វៀតណាម ដែលបានកៀកស្មាគ្នាតស៊ូប្រឆាំងសត្រូវរួម និងបន្តកិច្ចកិច្ចសហប្រតិបត្តិការ កសាងអភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើនដល់សព្វថ្ងៃ។
នាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់ហ្សាង សង្ឃឹមថា កងទ័ពទាំងពីរកម្ពុជា និងវៀតណាម និងបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែដ៏ប្រសើរថែមទៀត។
ក្នុងឱកាសអបអរសាទរខួបលើកទី៧០ ទិវាខួបកំណើតកងយោធពលខេមរភូមិន្ទ ៩ វិច្ឆិកា ខាងមុខ រដ្ឋមន្ត្រីការពារប្រទេសវៀតណាម បានជូនពរដល់កងយោធពលខេមរភូមិន្ទ សូមឱ្យមានសុខភាពល្អ និងសម្រេចបានគ្រប់ភារកិច្ចដែលរាជរដ្ឋាភិបាលកម្ពុជាប្រគល់ជូន។
នាយឧត្តមសេនីយ៍ ទៀ សីហា បានថ្លែងថា ប្រទេសកម្ពុជា វៀតណាម ជាប្រទេសភូមិផង របងជាមួយគ្នា និងមានប្រពៃណីសាមគ្គីសហការគ្នាជាបងប្អូនតាំងពីយូរលុងណាស់មកហើយ។
នាយឧត្តមសេនីយ៍ បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និង កងទ័ពប្រជាជនវៀតណាម ដែលបានជួយឧបត្ថម្ភគាំទ្រដល់ កងយោធពលខេមរភូមិន្ទ ក្នុងនោះកម្ពុជាទទួលបានយ៉ាងច្រើននូវការបណ្ដុះបណ្ដាលធនធានមនុស្សពីប្រទេសវៀតណាម៕