ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងរដ្ឋមន្ដ្រីក្រសួងសុខាភិបាល ចុះពិនិត្យវឌ្ឍនភាពមន្ទីរពេទ្យតេជោកោះធំ ខេត្ដកណ្ដាល

(កណ្តាល)៖ នៅព្រឹកថ្ងៃអាទិត្យ ទី២៩ ខែតុលា ឆ្នាំ២០២៣នេះ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល​ បានចុះពិនិត្យវឌ្ឍនភាពនៃមន្ទីរពេទ្យតេជោកោះធំ ខេត្ដកណ្ដាល។

មន្ទីរពេទ្យតេជោសែនកោះធំ ស្ថិតក្នុងស្រុកកោះធំ ខេត្តកណ្ដាល ត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងលោកសាស្ត្រាចារ្យ ឈាង រ៉ា ព្រមទាំងសប្បុរសជនទាំងក្នុង និង ក្រៅស្រុក រួមសហការជាមួយនឹងមន្ទីរពេទ្យកាល់ម៉ែត ដើម្បីបម្រើសុខុមាលភាពប្រជាពលរដ្ឋក្នុងតំបន់។
មន្ទីរពេទ្យនេះមានអគារថ្មីចំនួន០៣ខ្នង មានទំហំសរុបស្មើនឹង ១២,៥៤៤,៤ ម៉ែត្រការ៉េ អាចផ្ទុកគ្រែអ្នកជំងឺបានចំនួន ១៥០គ្រែ ជាមួយប្រព័ន្ធបច្ចេកវិទ្យា Hospital Information System (HIS) សម្ភារៈបរិក្ខារពេទ្យ និងឧបករណ៍បច្ចេកទេសទំនើបៗ ដើម្បីបម្រើឱ្យការព្យាបាល។ មន្ទីរពេទ្យនឹងត្រៀមរៀបចំដាក់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលឆាប់ៗនេះ។

បន្ទាប់ពីបានត្រួតពិនិត្យនៃមន្ទីរពេទ្យតេជោកោះធំរួចរាល់ លោករដ្ឋមន្ដ្រីសុខាភិបាល បានបន្ដដំណើរដឹកនាំប្រតិភូសុខាភិបាល ចុះពិនិត្យមណ្ឌលសុខភាពព្រែកស្ដី ដែលនៅក្នុងមូលដ្ឋានសុខាភិបាលខេត្ដកណ្ដាល ដើម្បីស្វែងយល់ពីដំណើរការអនុវត្ដផ្ដល់សេវាសុខភាព និងពិនិត្យមើលនូវហេដ្ឋារចនាសម្ព័ន្ធ និងសម្ភារៈបរិក្ខារ របស់មណ្ឌលសុខភាព ។ការចុះពិនិត្យមណ្ឌលសុខភាពនេះ គឺដើម្បីវាយតម្លៃត្រៀមសាងសង់ជួសជុលបន្ថែម និងពិនិត្យមើលសម្ភារៈបរិក្ខារដែលបានផ្ដល់ជូនកាលពីពេលថ្មីៗនេះ។

ក្នុងឱកាសនោះដែរ លោកសាស្ដ្រាចារ្យ ឈាង រ៉ា បានជំរុញលើកទឹកដល់មន្ដ្រីបុគ្គលិកនៃមណ្ឌលសុខភាពព្រែកស្ដី ត្រូវខិតខំប្រឹងប្រែងបម្រើសេវាសុខភាពសុខភាពជូនប្រជាជន និងអភិវឌ្ឍចំណេះជំនាញ ដើម្បីដើរទាន់បច្ចេកវិទ្យាថ្មី ។លើសពីនោះលោករដ្ឋមន្ដ្រី បានស្នើឱ្យចេះថែរក្សាទ្រព្យសម្បត្ដិ ដែលជាសម្ភារៈបរិក្ខារពេទ្យដែលមានហើយ ប្រើប្រាស់ឱ្យបានគង់វង្ស។

នៅថ្ងៃដដែលនេះ លោកសាស្ដ្រាចារ្យ រដ្ឋមន្ដ្រី ក៏បានបន្ដដំណើរអញ្ជើញចុះសួរសុខទុក្ខអ្នកជំងឺ និងសំណេះសំណាលជាមួយមន្ដ្រីរាជការនៃមន្ទីរពេទ្យបង្អែកជ័យជំនះ ស្ថិតនៅក្រុងតាខ្មៅ ខេត្ដកណ្ដាល។ ទន្ទឹមនឹងនោះរដ្ឋមន្ដ្រីសុខាភិបាល បានផ្ដល់នូវអនុសាសន៍ចំនួន ៣ចំណុចៗ ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់ ដើម្បីយកទៅអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ ជូនប្រជាពលរដ្ឋ។

ជាមួយគ្នានោះ ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកគ្រប់លំដាប់ថ្នាក់ បានសម្តែងនូវការសប្បាយរីករាយយ៉ាងខ្លាំង ដែលទទួលបាននូវការយកចិត្តទុកដាក់ និងដំបូន្មានល្អៗ ពិសេសអនុសាសន៍គន្លឹះ របស់លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ដែលមានសារៈប្រយោជន៍យ៉ាងខ្លាំង ក្នុងការបង្កើនគុណភាព និងប្រសិទ្ធភាព ក្នុងការផ្តល់សវាសុខភាពជូនប្រជាពលរដ្ឋ កាន់តែប្រសើរឡើងបន្ថែមទៀត៕