(ឡាសវេហ្គាស)៖ បេក្ខជនប្រធានាធិបតី នៃគណបក្សសាធារណរដ្ឋបានសន្យាគាំទ្រយ៉ាងខ្ជាប់ខ្ជួនសម្រាប់អ៊ីស្រាអែល ក្នុងសង្រ្គាមប្រឆាំងនឹងក្រុមហាម៉ាសកាលពីថ្ងៃសៅរ៍ នៅឯពិធីជួបជុំប្រចាំឆ្នាំ នៃម្ចាស់ជំនួយជ្វីហ្វដ៏មានឥទ្ធិពល។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣។
អតីតប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយនៅក្នុងព្រឹត្តិការណ៍សម្ព័ន្ធភាពជ្វីហ្វរបស់បក្សសាធារណរដ្ឋនោះ យ៉ាងដូច្នេះថា «ខ្ញុំនឹងការពារមិត្តភ័ក្តិ និងសម្ព័ន្ធមិត្តរបស់យើងក្នុងប្រទេសអ៊ីស្រាអែល ដ៏ខ្លាំងក្លាមិនធ្លាប់មានពីមុនមក»។
លោក ត្រាំ បាននិយាយទៀតថា ជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ គឺជា «ការប្រយុទ្ធគ្នារវាងអរិយធម៌ និងភាពព្រៃផ្សៃ ភាពថ្លៃថ្នូរ និងភាពថោកទាប ល្អ និងអាក្រក់» ដោយបានទទួលការឆ្លើយតបយ៉ាងកក់ក្តៅបំផុតពីអ្នកចូលរួមក្នុងកម្មវិធីនោះ។
អតីតពិធីករទូរទស្សន៍រូបនេះ នៅតែមានភាគរយច្រើនក្នុងឈ្នះជាបេក្ខជនប្រធានាធិបតីរបស់បក្សសាធារណៈរដ្ឋ ក្នុងការប្រជែងនឹងលោក បៃដិន នៅឆ្នាំក្រោយ បើទោះបីជាប្រឈមនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋជាច្រើនក៏ដោយ។ លោកបានបង្កការខឹងសម្បារក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយពណ៌នាក្រុមហេសបូឡាលីបង់ ថា «ឆ្លាតណាស់» និងរិះគន់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu។
នៅក្នុងពិធីនោះផងដែរ គូប្រជែងជិតស្និទ្ធបំផុតរបស់ លោក ត្រាំ គឺអភិបាលរដ្ឋ Florida លោក Ron DeSantis ក៏បានហៅការវាយប្រហារដ៏ភ្ញាក់ផ្អើលរបស់ពួកហាម៉ាសលើអ៊ីស្រាអែលកាលពីថ្ងៃទី ០៧ ខែតុលាថា «ការវាយប្រហារដ៏សាហាវបំផុតលើជនជាតិយូដាចាប់តាំងពីការសម្លាប់រង្គាល»។