រោងចក្រកាត់ដេរមួយមានកម្មការិនីប្រហែល៣ពាន់នៅក្រុងតាខ្មៅត្រូវបិទទ្វារដោយគ្មានអ្នកបញ្ជាទិញ

ខេត្តកណ្តាល ៖ រោងចក្រកាត់ដេរមួយ នៅក្រុងតាខ្មៅ ខេត្តកណ្តាល ទំនងជាត្រូវបិទទ្វារជាស្ថាពរ ដោយអះអាងថា គ្មានអ្នកបញ្ជាទិញ និងកំពុងប្រឈមខ្លាំងទៀតលើដំណោះស្រាយសំណងដល់ក្រុមកម្មករ កម្មការិនី ប្រមាណ ៣ពាន់នាក់ដែលបញ្ឈប់ពីការងារ។

ក្រុមកម្មករ-កម្មការិនី ដែលបម្រើការងារនៅរោងចក្រ ប្រឹភីសឹស (Propitious Cambodia Garment Ltd) ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ បានអះអាងថា ពួកគាត់ប្រហែល ៣ពាន់នាក់ ដែលកំពុងបម្រើការងារនៅរោងចក្រមួយនេះ ត្រូវបានថៅកែបញ្ឈប់ពីការងារក្រោមហេតុផលគ្មានអ្នកបញ្ជាទិញ។

កម្មការិនីម្នាក់ ដែលសុំមិនប្រាប់ឈ្មោះ បានប្រាប់ថា រោងចក្រនេះ មានកម្មករ-កម្មការិនី ប្រហែល ៣ពាន់ ត្រូវបានថៅកែប្រកាសបញ្ឈប់ពីការងារភ្លាមៗ កាលពីម្សិលមិញ ដោយមិនបានជូនដំណឹងជាមុននោះឡើយ។

ក្រុមកម្មការិនី បានត្អូញត្អែរថា ពួកគេកំពុងបារម្ភអំពីការដោះស្រាយសំណងមិនត្រឹមត្រូវតាមផ្លូវច្បាប់ ខណៈថៅកែរោងចក្រ បានសន្យាបើកលុយសំណង និងអត្ថប្រយោជន៍ផ្សេងៗឲ្យពួកគេនៅថ្ងៃទី៣០ ខែមេសា ខាងមុខនេះ។

អ្នកស្រី គួច ដាវី ប្រធានរដ្ឋបាលរោងចក្រ ប្រឹភីសីស បានប្រាប់ថា គម្រោងរោងចក្របញ្ឈប់កម្មករពីការងារនេះ គឺដោយសារគ្មានអ្នកបញ្ជាទិញ និងពុំមានប្រាក់គ្រប់គ្រាន់សម្រាប់បើកជូនកម្មករ។ ប៉ុន្តែ យ៉ាងណាក្តី អ្នកស្រីបញ្ជាក់ថា ចំពោះការដោះស្រាយសំណងវិញ ខាងរោងចក្រកំពុងដំណើរការដោះស្រាយតាមផ្លូវច្បាប់ជូនកម្មករហើយ៕