(តេហេរ៉ង់)៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi បាននិយាយកាលពីថ្ងៃអាទិត្យថា ការបន្តទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ទៅកាន់តំបន់ហ្គាហ្សា «អាចបង្ខំឱ្យមនុស្សគ្រប់គ្នា» ធ្វើសកម្មភាព នៅក្នុងការព្រមានចុងក្រោយបង្អស់ ដែលចេញដោយសាធារណរដ្ឋអ៊ីស្លាម ចាប់តាំងពីជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសបានចាប់ផ្តើម។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣។
លោក Raisi បាននិយាយនៅលើបណ្តាញទំនាក់ទំនង X ដែលពីមុននៅលើ Twitter កាលពីថ្ងៃអាទិត្យថា «ឧក្រិដ្ឋកម្មនៃរបបស៊ីយ៉ូនបានឆ្លងបន្ទាត់ក្រហម ហើយនេះអាចបង្ខំឱ្យមនុស្សគ្រប់គ្នាចាត់វិធានការឆ្លើយតប»។
លោកបាននិយាយទៀតថា «រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានស្នើយើងកុំឲ្យធ្វើអ្វីទាំងអស់ ប៉ុន្តែពួកគេបន្តផ្តល់ការគាំទ្រយ៉ាងទូលំទូលាយដល់អ៊ីស្រាអែល»។
អ៊ីរ៉ង់ ដែលគាំទ្រក្រុមហាម៉ាស់ទាំងផ្នែកហិរញ្ញវត្ថុ និងផ្នែកយោធា បានសរសើរការវាយប្រហារថ្ងៃទី០៧ ខែតុលា ហើយបានពណ៌នាវាថា «ជោគជ័យ» ប៉ុន្តែបានទទូចថាខ្លួនមិនជាប់ពាក់ព័ន្ធក្នុងការវាយប្រហារនោះទេ។
ប្រធានាធិបតីអ៊ីរ៉ង់រូបនេះ បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Al Jazeera កាលពីថ្ងៃសៅរ៍ ដែលបានដកស្រង់ចេញផ្សាយដោយទីភ្នាក់ងាររដ្ឋថា «អ៊ីរ៉ង់ចាត់ទុកវាជាកាតព្វកិច្ចរបស់ខ្លួនក្នុងការគាំទ្រក្រុមតស៊ូ ប៉ុន្តែក្រុមតស៊ូគឺឯករាជ្យនៅក្នុងគំនិត ការសម្រេចចិត្ត និងសកម្មភាពរបស់ពួកគេ»៕