មនុស្ស ៥៣នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀននៅថ្ងៃទី២៥ ខែតុលា ​ម្សិលមិញ

 (ភ្នំពេញ)៖ យោងតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់ឱ្យដឹងនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣​នេះ គឺយ៉ាងហោចណាស់មានជនសង្ស័យចំនួន​ ៥៣ នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀននៅទូទាំង ប្រទេសកម្ពុជា នាថ្ងៃទី២៥ ខែតុលា​ ឆ្នាំ២០២៣ ម្សិលមិញនេះ។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់បន្ថែមថា ក្នុងចំណោមជនសង្ស័យទាំង​ ៥៣នាក់នោះ មាន ៤៨នាក់ ត្រូវបានឃាត់ខ្លួននៅក្នុងបទល្មើសព្រហ្មទណ្ឌ ១៩ករណី​ និងជនសង្ស័យ​ ០៥នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសគ្រឿងញៀន​ ០៦ករណី។

អ្នកនាំពាក្យក្រសួងមហាផ្ទៃក៏បានកោតសរសើរនិងថ្លែងអំណរគុណចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបបទល្មើស និងបម្រើប្រជាពលរដ្ឋ។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ក៏ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក  «៣កុំ ១រាយការណ៍» ដែលមានន័យថា «កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត» ដែលកើតមាននៅមូលដ្ឋាន របស់ខ្លួន ជូនដល់សមត្ថកិច្ច៕