(សេអ៊ូល)៖ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែតុលា ឆ្នាំ២០២៣ គឺ ក្នុងសេចក្តីថ្លែងការណ៍រួមមួយនៅថ្ងៃព្រហស្បតិ៍នេះ កូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិក បានសម្តែងការថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការផ្គត់ផ្គង់អាវុធ និងបរិក្ខារយោធារបស់កូរ៉េខាងជើងដល់រុស្ស៉ី ដោយបញ្ជាក់ថាមានការចែកចាយអាវុធជាច្រើន ប្រភេទ។ សេចក្តីថ្លែងការណ៍រួមនោះបានបញ្ជាក់ថា «សាធារណរដ្ឋកូរ៉េ សហរដ្ឋអាមេរិក និងជប៉ុន សូមថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការផ្តល់សម្ភារៈយោធា និងអាវុធពីកូរ៉េខាងជើងដល់ សហព័ន្ធរុស្ស៉ី ដើម្បីប្រើប្រាស់ប្រឆាំងរដ្ឋាភិបាល និងប្រជាជនអ៊ុយក្រែន»។
សេចក្តីថ្លែងការណ៍ដែលលើកឡើងដោយរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំង ៣ បានបន្ថែមថា «ការចែកចាយអាវុធ ដែលភាគច្រើនដែលយើងទទួលបានការបញ្ជាក់ហើយនោះ នឹងធ្វើប៉ះពាល់ដល់ មនុស្សកាន់តែច្រើន ក្នុងសង្គ្រាមឈ្លានពានរបស់រុស្ស៉ី។ យើងក៏កំពុងតាមដានយ៉ាងដិតដល់ចំពោះសម្ភារៈទាំងឡាយណាដែលរុស្ស៉ីនឹងផ្តល់ឲ្យកូរ៉េខាងជើងវិញ ដើម្បីគាំទ្រដល់គោលដៅយោធារបស់ទីក្រុងព្យុងយ៉ាង»៕