WHO ទទូចឲ្យក្រុម Hamas ដោះលែងចំណាប់ខ្មាំងទាំងអស់ ក្រោមហេតុផលសុខភាព


(ហ្សឺណែវ)៖  យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែតុលា ឆ្នាំ២០២៣ បញ្ជាក់ថា អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃពុធសប្តាហ៍នេះ បានអំពាវនាវឲ្យក្រុមហាម៉ាសផ្តល់ភស្តុតាងអំពីការនៅរស់រានជីវិតរបស់ចំណាប់ខ្មាំងដែលខ្លួនកំពុងឃុំឃាំង ហើយដោះលែងពួកគេទាំងអស់ដោយហេតុផលសុខភាព។

WHO បានឲ្យដឹងថា គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) គួរតែត្រូវបានអនុញ្ញាត ឲ្យទៅចូលទៅផ្តល់ការព្យាបាលបន្ទាន់ខណៈខ្លួនបានត្រៀមរួចជាស្រេចក្នុងការផ្តល់ជំនួយផ្នែកសុខភាពណាមួយ សម្រាប់ចំណាប់ខ្មាំង។ WHO មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុខភាពរបស់ ចំណាប់ខ្មាំង ដែលរួមមានបុគ្គលិកសុខាភិបាល និងកុមាររហូតដល់ ៣០នាក់។

ប្រមុខ WHO លោក Tedros Adhanom Ghebreyesus បានគូសបញ្ជាក់ថា «យើងត្រូវការឲ្យអ្នក ដែលបានចាប់ចំណាប់ខ្មាំង ផ្តល់សញ្ញានៃការរស់រានមានជីវិតរបស់ពួកគេ ភស្តុតាងពីការផ្តល់ការ ថែទាំសុខភាព និងការដោះលែងជាបន្ទាន់ ដោយផ្អែកលើហេតុផលមនុស្សធម៌ និងសុខភាពនៃអ្នក ដែលត្រូវបានចាប់ពង្រត់ទាំងអស់»