ក្នុងជំនួបជាមួយសម្តេចតេជោ, ក្រុមហ៊ុនមីនីបៀ សន្យាកៀរគរបណ្តាក្រុមហ៊ុនធំៗរបស់ជប៉ុន មក បណ្តាក់ទុន វិនិយោគនៅកម្ពុជា ឲ្យកាន់តែមានសន្ទុះកើនឡើង

 (ភ្នំពេញ)៖ លោក យ៉ូស៊ីហ៉ីសា កៃនុម៉ា អគ្គនាយកក្រុមហ៊ុនមីនីបៀ បានអះអាងថា នៅក្នុងអាណត្តិ ទី៧ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្រុមហ៊ុន របស់លោកនឹងកៀរគរដល់បណ្តាក្រុមហ៊ុនធំៗរបស់ជប៉ុន មកបណ្តាក់ទុន វិនិយោគនៅកម្ពុជា ឲ្យ កាន់តែមានសន្ទុះកើនឡើងពិសេសការប្រមូលផ្តុំប្រភពទុនលើការវិនិយោគអំពូលភ្លើងឆ្លាតបំភ្លឺនៅតាមទីសាធារណៈ ដើម្បីធ្វើការនាំចេញទៅកាន់ទីផ្សារក្នុងតំបន់ និងអន្តរជាតិ។   

ការអះអាងបែបនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ក្នុងឱកាស សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អនុញ្ញាតឲ្យ អគ្គនាយកក្រុមហ៊ុនមីនីបៀ ចូលជួបសម្ដែងការគួរសម នៅវិមាន៧មករា ដើម្បីរាយការណ៍ពីវឌ្ឍនភាពរបស់ករុមហ៊ុនមីនីបៀ នៅកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានសម្ដែងនូវការរីករាយចំពោះវឌ្ឍនភាពរបស់ក្រុមហ៊ុនមីនីបៀ ដែល បានបណ្តាក់ទុនវិនិយោគនៅកម្ពុជា មានការរីកចំរើនពីមួយអាណត្តិទៅមួយអាណត្តិ ពិសេសការ បង្កើនភាពជាដៃគូវិនិយោគប្រកបដោយទំនុកចិត្តនៅកម្ពុជា។ សម្តេចតេជោបានស្នើឲ្យក្រុមហ៊ុនលើកឡើងពីវឌ្ឍនភាពរបស់ក្រុមហ៊ុន ក្នុងរយៈពេល ១២ឆ្នាំកន្លង មក ដែលក្រុមហ៊ុនបានវិនិយោគនៅកម្ពុជា។

លោក យ៉ូស៊ីហ៊ីសា កៃនុម៉ា អគ្គនាយកក្រុមហ៊ុនមីនីបៀ មានប្រសាសន៍ថ្លែង នូវការគោរពកោត សរសើរចំពោះភាពជាអ្នកដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ពិសេសទៅទៀតនោះ សម្តេចផ្ទាល់ គឺជាឆ្មបបង្កើតក្រុមហ៊ុនមីនីបៀនៅកម្ពុជា ដែលរហូតមកដល់ពេលនេះមានរយៈពេល ១២ឆ្នាំមក ហើយ។ លោក យ៉ូស៊ីហ៊ីសា កៃនុម៉ា បានរាយការណ៍ជូនសម្តេចតេជោដែរថា ក្នុងរយៈពេល១២ឆ្នាំ កន្លងមកនេះ ក្រុមហ៊ុនបានផលិតនូវ ផលិតផលថ្មីជាច្រើនដើម្បីបម្រើឲ្យសក្តានុពលវិនិយោគនៅ កម្ពុជា ក្នុងនោះផលិតផលអេឡិចត្រូនិច គឺជាផលិតផលថ្មី របស់ក្រុមហ៊ុនដែលត្រូវបានផលិត ជាលើកដំបូងនៅកម្ពុជា ដើម្បីធ្វើការនាំចេញទៅកាន់ទីផ្សារអន្តជាតិ។

លោកអគ្គនាយកក៏បានជម្រាបជូនសម្តេចតេជោអំពីលទ្ធភាពនៃការបង្កើតគម្រោងថ្មីសម្រាប់ការវិនិយោគនៅកម្ពុជា ក្នុងនោះរួមមានការវិនិយោគលើថាមពលកកើតឡើងថ្មី ដែលមិនធ្វើឲ្យប៉ះពាល់ដល់ បម្រែបម្រួលអាកាសធាតុផងដែរ៕