អេស្ប៉ាញរឹបអូសបានគ្រឿងអលង្ការមាសបុរាណតម្លៃជិត ៦៤លានដុល្លារ ដែលលួចចេញពីអ៊ុយក្រែន


(ម៉ាឌ្រីដ)៖  យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ២០២៣ គឺ ប៉ូលិសបានឲ្យដឹងកាលពីថ្ងៃចន្ទសប្តាហ៍នេះថា អេស្ប៉ាញ បានរឹបអូសវត្ថុ បុរាណមាសមានតម្លៃ ៦០លានអឺរ៉ូ ឬស្មើនឹង ៦៣.៦លានដុល្លារដែលលួចចេញពីអ៊ុយក្រែន បន្ទាប់ ពីចាប់បានក្រុមចោរដែលព្យាយាមលក់វត្ថុទាំងនោះ នៅទីក្រុងម៉ាឌ្រីដ។

ប៉ូលិសនិយាយថា វត្ថុ ១១បំណែក ដែលភាគច្រើនជាគ្រឿងអលង្ការ ដូចជាខ្សែក ខ្សែដៃ និងក្រវិល ផលិតតាំងពីសម័យក្រិក ចម្លោះសតវត្សទី ៨ និងទី ៤ មុនគ្រឹស្តសករាជ។ វត្ថុបុរាណទាំងនោះ ត្រូវបានក្លែងបន្លំឯកសារ ដើម្បីឲ្យមើលក្លាយជាកម្មសិទ្ធិរបស់ វិហារគ្រិស្តអូតូដក់អ៊ុយក្រែន។

គួរបញ្ជាក់ថា ជនជាតិអេស្ប៉ាញ ៣នាក់ និងអ៊ុយក្រែន ២នាក់ ត្រូវបានចាប់ខ្លួនក្រោមការស៊ើប អង្កេតមួយ ដែលចាប់ផ្តើមកាលពីឆ្នាំ ២០២១ បន្ទាប់ពីបំណែកក្បាលខ្សែក្រវាត់មាសរូបក្បាលចៀម ត្រូវបានដាក់លក់នៅក្នុងការលក់ឯកជនមួយ នៅទីក្រុងម៉ាឌ្រីដ៕