(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣នេះ បានប្រកាសដាក់ចេញនូវកម្មវិធីពង្រីងវិសាលភាពមូលនិធិសមធម៌សុខាភិបាល ដល់គ្រួសារងាយរងហានិភ័យ គោលដៅចំនួន ៤៩ម៉ឺនគ្រួសារស្មើនឹងចំនួន១លាន ៨សែននាក់ បន្ថែមទៀត។
សម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា កម្មវិធីពង្រីងវិសាលភាពមូលនិធិសមធម៌សុខាភិបាល ដល់គ្រួសារងាយរងហានិភ័យ ដែលប្រកាសដាក់ចេញនៅថ្ងៃនេះ គឺជាអនុកម្មវិធីមួយ ក្នុងចំណោម អនុកម្មវិធីចំនួន២ នៃគោលនយោបាយ ពង្រីកសេវាថែទាំសុខភាពឆ្ពោះ ទៅរកការគ្របដណ្តប់ សុខភាពជាសាកល។ អនុកម្មវិធីទី២ គឺរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពដោយស្ម័គ្រចិត្ត តាមរបបវិភាគទាន ដល់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស ជាង៣លាននាក់ ដែលនឹងប្រកាសនៅ ពេលខាងមុខ។ ការប្រកាសដាក់ចេញនូវពង្រីងវិសាលភាពមូលនិធិសមធម៌សុខាភិបាល ដល់ គ្រួសារងាយរងហានិភ័យនេះធ្វើឡើងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យជាតិ តេជោសន្តិភាព» នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣នេះ។
សម្តេចបញ្ជាក់ទៀតថា «កម្មវិធីពង្រីងវិសាលភាពមូលនិធិសមធម៌សុខាភិបាល ដល់គ្រួសារងាយរង ហានិភ័យ ដែលជាកម្មវិធីទីមួយនេះ ចំនួនប្រជាពលរដ្ឋ ដែលយើងដាក់ទិសដៅ ដើម្បីផ្តល់ផល ប្រយោជន៍ជូនពួកគាត់ គឺមានចំនួន៧លាន ៤សែននាក់ ជាគោលដៅធំណាស់ សម្រាប់ប្រជាពល រដ្ឋរបស់យើង»។
សម្តេចនាយករដ្ឋមន្ត្រីបញ្ជាក់ថា ការទទួលបានផលប្រយោជន៍ពីកម្មវិធីនេះ គឺប្រជាពលរដ្ឋទទួល បានការគាំពារសុខភាព ពីរាជរដ្ឋាភិបាលដោយមិនគិតថ្លៃ ដែលរួមមាន៖ សេវាពិគ្រោះជំងឺក្រៅ សេវាពន្យារកំណើត សេវាសម្រាកព្យាបាល សេវាសង្គ្រោះបន្ទាន់ សេវាព្យាបាលវះកាត់តូច វះកាត់ធំ និងសម្រាលកូន។
ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការផ្តល់ជំនឿទុកចិត្តជួយដល់ប្រជាពល រដ្ឋខ្មែរ ដោយសូមឱ្យបងប្អូន ជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ទោះក្នុងអាណត្តិនេះ ឬអាណត្តិ ក្រោយក៏ដោយ ក៏នៅតែរួចសុខទុក្ខជាមួយប្រជាពលរដ្ឋជារៀងរហូត៕