អ៊ុយក្រែន ថាជនស៉ីវិល១០នាក់ស្លាប់ ក្នុងការវាយប្រហាររបស់រុស្ស៉ី ខណៈប្រតិបត្តិការវាយបក រីកចម្រើនទៅមុខ នៅភាគខាងត្បូង


(កៀវ)៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា ឆ្នាំ២០២៣ បញ្ជាក់ថា ការវាយប្រហាររបស់រុស្ស៉ីកាលពីយប់ថ្ងៃពុធ ឈានចូលថ្ងៃ ព្រហស្បតិ៍នេះ បានសម្លាប់ជនស៉ីវិលចំនួន ១០នាក់ ខណៈក្រុមមន្រ្តីជាន់ខ្ពស់អ៊ុយក្រែន និយាយថា កងទ័ពរបស់ខ្លួនកំពុងមានភាពរីកចម្រើនក្នុងប្រតិបត្តិការវាយបកនៅភាគខាងត្បូងនៃប្រទេស។

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានថ្លែងតាមសារជាវីដេអូមួយថា ចំនួនអ្នក ស្លាប់បានកើនឡើងដល់ ៥នាក់ ក្នុងការវាយប្រហារដោយ មីស៉ីលទៅលើអគារលំនៅដ្ឋានមួយ នៅក្នុងទីក្រុងភាគអាគ្នេយ៍នៃតំបន់ Zaporizhzhia។ ក្រុមមន្រ្តីអ៊ុយក្រែនបានឱ្យដឹងដែរថា ស្រ្តីអាយុ ៣១ឆ្នាំម្នាក់ត្រូវបាន សម្លាប់ក្នុងភូមិ Obukhivka នៅតំបន់កណ្តាលទីក្រុង Dnipropetrovsk ហើយ បុរសម្នាក់ និងស្ត្រីម្នាក់ទៀត ត្រូវបានសម្លាប់នៅភាគខាងត្បូងតំបន់ខឺសុន (Kherson)។ ដោយឡែក សាកសពមនុស្សពីរនាក់ត្រូវបានទាញចេញពីគំនរបាក់បែក នៃហាងលក់អាហារមួយជិតទីក្រុង ម៉ាយកូលេវ (Mykolaiv)។

ឧត្តមសេនីយ៍អ៊ុយក្រែន លោក Oleksandr Tarnavskyi ដែលទទួលបន្ទុកប្រតិបត្តិការរបស់អ៊ុយ ក្រែននៅភាគខាងត្បូង បានអះអាងថា កងកម្លាំងអ៊ុយក្រែន កំពុងដំណើរការផែនការឆ្ពោះទៅកាន់ សមុទ្រ Azov។ កងទ័ពមកពីតំបន់ Tavria ឬក្រុមភាគខាងត្បូងកំពុងបន្តការវាយលុករបស់ពួកគេ ហើយទទួលបាន ជោគជ័យនៅភូមិ Robotyne៕