ក្រសួងសុខាភិបាល ប្រាប់ពីវិធីបង្ការការឆ្លងជំងឺភ្នែកក្រហម ខណៈជំងឺនេះ កំពុងកើតថ្មីគួរឲ្យកត់ សម្គាល់ តាមបណ្តាខេត្តនៅកម្ពុជា


(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣នេះ បានចេញសេចក្តីប្រកាសព័ត៌​មាន ស្តីពីករណីជំងឺឆ្លងភ្នែកក្រហម កំពុងកើតថ្មីគួរឲ្យកត់សម្គាល់ ក្នុងបណ្តាខេត្តមួយចំនួន នៅ កម្ពុជា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលទទួលបាន។

សេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ មានការរកឃើញ ករណី​ជំងឺឆ្លងភ្នែកក្រហម កំពុងកើតថ្មីគួរឲ្យកត់សម្គាល់ ក្នុងបណ្តាខេត្តមួយចំនួននៅប្រទេស កម្ពុជា។

ក្នុងខណៈនេះ ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាល មន្ទីរសុខាភិបាល ស្រុកប្រតិបត្តិ មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព បានចុះអង្កេត ឆ្លើយតប តាមដាន ផ្ដល់ការព្យាបាល និង អប់រំបង្ការការឆ្លងរាលដាល ដើម្បីទប់ស្កាត់ការឆ្លងបន្តក្នុងសហគមន៍។

រោគសញ្ញាជំងឺឆ្លងភ្នែកក្រហម រួមមាន៖ នៅផ្នែកសនៃភ្នែក ឡើងពណ៌ផ្កាឈូក ឬពណ៌ក្រហម ហើមត្របកភ្នែកជា ពិសេសនៅពេលព្រឹកមានហូរទឹកភ្នែកច្រើនជាងមុន រកាំភ្នែកដោយសារមាន អារម្មណ៍ថា មានអ្វីនៅក្នុងភ្នែក ឬចង់ញីភ្នែក រមាស់ភ្នែក រលាក និង/ឬក្រហាយភ្នែក មានអាចម៍ភ្នែក (ពណ៌ខ្ទុះ ឬពណ៌ទឹកបាយ) ឈឺគ្រាប់ភ្នែក -ល-

ជំងឺភ្នែកក្រហមនេះ បណ្តាលមកពីមូលហេតុធំៗ៖

១៖ បង្កដោយវីរុស

* អាចកើតមានលាយឡំជាមួយនឹងជំងឺផ្តាសាយ ឬជំងឺផ្លូវដង្ហើមផ្សេងទៀត
* ចាប់ផ្តើមក្នុងភ្នែកម្ខាង ហើយអាចរាលដាលដល់ភ្នែកម្ខាងទៀតក្នុងរយៈពេលតែប៉ុន្មានថ្ងៃ
* មានហៀរទឹកចេញពីភ្នែក តែមិនខាប់ទេ

២​៖ បង្កដោយបាក់តេរី៖ ភាគច្រើនមានអាចម៍ភ្នែក ដែលអាចនាំឲ្យត្របកភ្នែកស្អិតជាប់គ្នា។
ចំណាំ៖ ជំងឺភ្នែកក្រហមដោយវីរុស និងបាក់តេរីឆ្លងលឿនណាស់ រាលដាលយ៉ាងងាយស្រួលពី មនុស្សម្នាក់ទៅមនុស្សផ្សេងទៀត។ អ្នកអាចកាត់បន្ថយហានិភ័យ នៃការកើតជំងឺភ្នែកក្រហម ឬការចម្លងទៅអ្នកដទៃដោយអនាម័យល្អ (សម្អាតដៃឲ្យបានស្អាតជានិច្ច)៕

ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មាន និងវិធីបង្ការការឆ្លងជំងឺភ្នែកក្រហម របស់ក្រសួងសុខាភិបាល៖