ប្រធានរដ្ឋឡាវ គាំទ្រគំនិតផ្តួចផ្តើមសម្តេចធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធកិច្ចសហប្រតិ​បត្តិ​ការ​ទេស ចរណ៍ត្រីភាគីកម្ពុជា-ឡាវ-វៀតណាម «ប្រទេសបី គោលដៅតែមួយ»


(ប៉េកាំង, ចិន)៖ ប្រធានរដ្ឋឡាវ លោក ថងលុន ស៊ីសូលីត បានគាំទ្រគំនិតផ្តួចផ្តើម​កិច្ច​សហ ប្រតិបត្តិការទេសចរណ៍ត្រីភាគី (កម្ពុជា-ឡាវ-វៀតណាម) «ប្រទេសបី គោល​​​ដៅ​តែមួយ (Three Countries One Destination)» ដើម្បីជំរុញវិស័យ​ទេស​ចរណ៍​រវាងប្រទេសទាំង៣។

គំនិតផ្តួចផ្តើមនេះ ត្រូវបានលើកឡើងដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា នៅក្នុងជំនួបជាមួយលោក ថងលុន ស៊ីសូលីត នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា ឆ្នាំ​២០២៣នេះ នៅរដ្ឋធានីប៉េកាំង ប្រទេសចិន ទីដែលសម្តេចធិបតី និងប្រមុខរដ្ឋឡាវ អញ្ជើញចូល រួមវេទិកា «ខ្សែក្រវាត់និងផ្លូវ» លើកទី៣។

ក្នុងជំនួបនោះ លោក ថងលុន ស៊ីសុលីត បានបង្ហាញនូវក្តីរីករាយចំពោះ​ជំនួបជា​មួយសម្តេចធិបតី នៅរដ្ឋធានីប៉េកាំងនាឱកាសនេះ ព្រមទាំងបានសម្តែងការអបអរ​សាទរ​ជូនសម្តេចធិបតី ទទួលបាន​ការគាំទ្រដឹកនាំរាជរដ្ឋាភិបាលក្នុងនីតិកាលថ្មី។

ប្រមុខរដ្ឋរបស់ឡាវ ក៏បានបង្ហាញការជឿជាក់ថា ក្រោមការដឹកនាំរបស់សម្តេចធិបតី ទំនាក់ទំនងរវាង កម្ពុជា-ឡាវ នឹងកាន់តែរីកចម្រើនទៅមុខ។ លោក ថងលុន ស៊ីសូលីត បានសម្តែងការអបអរសាទរ ផងដែរ ចំពោះជោគជ័យរបស់កម្ពុជា​ក្នុងការធ្វើ​ជាម្ចាស់​ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ ព្រមទាំងកិច្ចប្រជុំកំពូល​ពាក់​​ព័ន្ធក្នុងឆ្នាំ២០២២ ក៏ដូចជាព្រឹត្តិការណ៍ប្រកួតកីទ្បាអាស៊ី អាគ្នេយ៍លើកទី៣២ និងការប្រកួតកីឡាអាស៊ានប៉ារ៉ាហេ្គមលើកទី១២ នៅក្នុងឆ្នាំ២០២៣។

ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះ​ឱកាស​នៃ​ជំនួប​នេះ និង បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរីកចម្រើន​នៃកិច្ចសហប្រត្តិការ​លើ​គ្រប់វិស័យរវាងប្រទេសទាំងពីរ ដែលសម្រេចបានកន្លងមក។

ចំពោះទិសដៅទៅមុខ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគាំទ្រការបន្តអនុវត្តន៍ «លំហាត់​រួម​ត្រីភាគី ស្តីពីការសង្គ្រោះគ្រោះមហន្តរាយកម្ពុជា-ឡាវ-វៀតណាម» ដូច​ដែល​បានរៀបចំឡើងកាលពីខែកញ្ញា ឆ្នាំ២០២២កន្លងទៅ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានលើកឡើងគំនិតផ្តួចផ្តើមមួយចំនួនពាក់ព័ន្ធ​ការ​ជំរុញ​កិច្ចសហប្រតិ បត្តិការក្នុងវិស័យទេសចរណ៍ តាមរយៈការដាក់ចេញនូវកិច្ចសហ​ប្រតិ​បត្តិការទេសចរណ៍ត្រីភាគី (កម្ពុជា-ឡាវ-វៀតណាម) «ប្រទេសបី គោលដៅ​តែ​មួយ (Three Countries One Destination)»  និងការភ្ជាប់ជើងហោះហើរត្រង់ ភ្នំពេញ-វៀងច័ន្ទន៍-ភ្នំពេញ។

បន្ថែមពីលើនោះ ថ្នាក់ដឹកនាំប្រទេសទាំងពីរបានធ្វើការវាយតម្លៃខ្ពស់​ចំពោះ​សមិទ្ធ​ផលនៃ «ភាពជាដៃ គូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង» ដែលត្រូវបាន​បង្កើត​ឡើងចាប់តាំងពីឆ្នាំ២០១៩មក និងបានឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហ​ប្រតិបត្តិការលើវិស័យមួយចំនួន ជាអាទិ៍៖ វិស័យការពារជាតិ, អប់រំ, ថាមពល, ការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំជាន់ខ្ពស់ និងគំនិតផ្តួចផ្តើម របស់ សម្តេចធិបតី ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ត្រីភាគី (កម្ពុជា-ឡាវ-វៀតណាម)  «ប្រទេសបី គោលដៅតែមួយ (Three Countries One Destination)»

ក្នុងជំនួបនោះប្រធានរដ្ឋឡាវ បានអញ្ជើញ សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅបំពេញ​ទស្សន​កិច្ចផ្លូវ ការនៅក្នុងប្រទេសឡាវ។ សម្តេចធិបតី បានទទួលយកការអញ្ជើញនេះ​ប្រកប​ដោយក្តីសោមន្ស រីករាយ ហើយនឹងកំណត់យកកាលបរិច្ឆេទសមស្របណាមួយនាពេលខាងមុខ ដើម្បីទស្សនកិច្ច នៅឡាវ៕