(ប៉េកាំង, ចិន)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងគណៈប្រតិភូបិទបញ្ចប់បេសកកម្មការងារនៅប្រទេសចិនហើយនៅរសៀល ថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា ឆ្នាំ២០២៣នេះ។
បន្ទាប់ពីបញ្ចប់បេសកកម្មការងារនៅរដ្ឋធានីប៉េកាំង សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បណ្ឌិត ព្រមទាំងគណៈប្រតិភូ មិនទាន់វិលត្រឡប់មកកម្ពុជាវិញនោះទេ គឺបន្តដំណើរទៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការ ឈូងសមុទ្រ (ASEAN-GCC Summit)។
ដំណើរអញ្ជើញទៅចូលរួមកិច្ចប្រជុំនៅក្រុងរីយ៉ាត ធ្វើឡើងតបតាមការអញ្ជើញរបស់ស្តេច សាល ម៉ាន ពិន អាប់ឌុលអាហ្សីស អាល សាអ៊ូឌ (Salman bin Abdulaziz Al Saud) ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។
កិច្ចប្រជុំកំពូលនេះប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ នៅរាជធានីរីយ៉ាដ។ កិច្ចប្រជុំកំពូលនេះ គឺជាវេទិកាសម្រាប់ថ្នាក់ដឹកនាំអាស៊ាន និងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ ពិភាក្សារិះរកមធ្យោបាយនានា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យដែលផ្ដល់ផល ប្រយោជន៍ទៅវិញទៅមក រួមមានវិស័យពាណិជ្ជកម្ម និងការវិនិយោគ ទីក្រុងឆ្លាត ថាមពល ការ ប្រយុទ្ធប្រឆាំងភេរវកម្ម និងទេសចរណ៍ជាដើម។ កិច្ចប្រជុំកំពូលនេះគ្រោងនឹងកត់សម្គាល់នូវឯកសារលទ្ធផលចំនួនពីរ៖ (១) សេចក្តីថ្លែងការណ៍រួម សម្រាប់កិច្ចប្រជុំកំពូល និង (២) ឯកសារក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការអាស៊ាន-ក្រុមប្រឹក្សា សហប្រតិបត្តិការឈូងសមុទ្រ (សម្រាប់ឆ្នាំ២០២៤-២០២៨)។
អំឡុងពេលនៃកិច្ចប្រជុំកំពូលនេះ សម្តេចធិបតីនឹងមានជំនួបទ្វេភាគីជាមួយឥស្សរជនបរទេសមួយចំនួននៅរាជធានីរីយ៉ាដ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងប្រទេសជា សមាជិកនៃក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ៕