(យូអិន)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា ឆ្នាំ២០២៣ អោយដឹងថា សហរដ្ឋអាមេរិក នៅថ្ងៃពុធសប្ដាហ៍ (ម៉ោងនៅទីក្រុងញូវយ៉ក) បានបោះឆ្នោតវ៉េតូលើដំណោះស្រាយមួយរបស់ក្រុមប្រឹក្សាសន្តិសុខ UN ដែល អំពាវនាវឱ្យមាន «បទឈប់បាញ់ក្នុងបុព្វហេតុមនុស្សធម៌» ឬ «humanitarian pauses» ក្នុងសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស ដើម្បីបើកផ្លូវ ដល់ការផ្ដល់ជំនួយចូលទៅក្នុងតំបន់ហ្កាហ្សា។
ដំណោះស្រាយខាងលើស្នើឡើងដោយប្រទេសប្រេស៊ីល រួមមានបញ្ចូលការថ្កោលទោលការវាយ ប្រហាររបស់ក្រុមហាម៉ាសលើអ៉ីស្រាអែល ប៉ុន្តែអាមេរិក ថាមិនទាន់គ្រប់គ្រាន់នោះទេ ក្នុងការបញ្ជាក់ ពីសិទ្ធិការពារខ្លួនរបស់អ៉ីស្រាអែល ហើយនេះក៏មិនមែនជារឿងចម្លែកនោះដែរ ពីព្រោះជាប្រពៃណី ទៅហើយ ដែលសហរដ្ឋអាមេរិកប្រើសិទ្ធិវ៉េតូ ជារនាំងការពារអ៉ីស្រាអែលនៅឯ UN។
ដំណោះស្រាយនេះទទួលបានសំឡេងគាំទ្រ ១២សំឡេង ខណៈរុស្ស៉ី និងអង់គ្លេសបានបោះឆ្នោតអនុប្បវាទ។ ដើម្បីអនុម័តលើដំណោះស្រាយមួយ គេត្រូវការសំឡេងគាំទ្រយ៉ាងតិច ៩ ហើយគ្មាន ការវ៉េតូពីសមាជិកអចិន្ត្រៃយ៍ណាមួយក្នុងចំណោម ៥ រួមមានសហរដ្ឋអាមេរិក រុស្ស៉ី ចិន បារាំង និងអង់គ្លេស។
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield បានប្រាប់សមាជិកក្រុមប្រឹក្សាសន្តិសុខទាំង១៥ ក្រោយ ការបោះឆ្នោតដូច្នេះថា «យើងកំពុងប្រឹងប្រែងធ្វើ ការជាក់ស្ដែងតាមផ្លូវកាទូត។ យើងជឿថាចាំបាច់ទុកពេលដោះស្រាយតាមផ្លូវការទូត។ ពិតណាស់ ដំណោះស្រាយមានសារៈសំខាន់ ហើយពិណាស់ក្រុមប្រឹក្សាត្រូវតែបញ្ចេញទស្សនយល់ឃើញ ប៉ុន្តែសកម្មភាពដែលយើងត្រូវធ្វើ ត្រូវតែស្របទៅនឹងអ្វី ដែលកំពុងកើតឡើងជាក់ស្ដែង និងគាំទ្រ ដោយផ្ទាល់ដល់កិច្ចប្រឹងប្រែងការទូត ដែលអាចសង្រ្គោះជីវិតមនុស្ស។ ក្រុមប្រឹក្សាចាំបាច់ត្រូវទទួលយកការពិត នេះ»។
តែយ៉ាងណាក៏ដោយ ឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំ UN លោក Vassily Nebenzia បានចោទប្រកាន់កា របោះឆ្នោតវេតូរបស់សហរដ្ឋអាមេរិកមានស្ដង់ដារពីរ បន្ទាប់ពីដំណោះស្រាយស្នើដោយរុស្ស៉ីឱ្យមាន បទឈប់បាញ់ក្នុងបុព្វហេតុមនុស្សធម៌ របស់រុស្ស៉ីមិនត្រូវបានអនុម័តកាលពីថ្ងៃចន្ទដើមសប្ដាហ៍ កន្លងទៅនេះ៕