(វ៉ាស៊ីនតោន)៖ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១១ ខែតុលា ឆ្នាំ២០២៣ បានប្រាប់អោយដឹងថា អ៉ីស្រាអែលបានសន្យាថានឹងបង្កើនការវាយប្រហារ សងសឹករបស់ខ្លួនប្រឆាំងក្រុមហាម៉ាសប៉ាឡេស្ទីន ជាមួយការត្រៀមលក្ខណៈជាស្រេចដើម្បី បើកការវាយលុកតាមជើងគោក ខណៈប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសបង្កើនការ គាំទ្រទ្វេដងសម្រាប់អ៉ីស្រាអែល និងព្រមានប្រឆាំងចំពោះ អ្នកទាំងឡាយណាដែលចង់ទាញយក ប្រយោជន៍ពីសង្រ្គាមរវាងអ៉ីស្រាអែល និងហាម៉ាស។
យោធាអ៉ីស្រាអែលកាលពីយប់ថ្ងៃអង្គារបានឱ្យដឹងយន្ដហោះចម្បាំងរបស់ខ្លួនរាប់សិបគ្រឿងបានបើកការវាយប្រហារតាមផ្លូវអាកាសលើគោលដៅច្រើនជាង ២០០ កន្លែងនៅក្នុងតំបន់ហ្កាហ្សា ដែលក្រុម ហាម៉ាសប្រើប្រាស់ជាមូលដ្ឋានវាយប្រហារមិនធ្លាប់មានប្រឆាំងនឹងអ៉ីស្រាអែល។ ក្រសួងសុខាភិបាលក្នុងតំបន់ហ្កាហ្សា (Gaza) បានរាយការណ៍ថាមនុស្សយ៉ាងហោច ៩០០នាក់ត្រូវ បានសម្លាប់ និងជាង៤,៦០០នាក់បានរងរបួសនៅក្នុងការវាយប្រហារសងសឹករបស់អ៉ីស្រាអែល ខណៈខាង អ៉ីស្រាអែលអះអាងថាចំនួនអ្នកស្លាប់នៅក្នុងការវាយប្រហាររបស់ហាម៉ាសកើនដល់ជាង ១,២០០នាក់។
ចំណែក ថ្លែងចេញពីសេតវិមានវិញនៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) លោកប្រធានា ធិបតីអាមេរិក ចូ បៃដិន បានថ្កោលទោសយ៉ាងខ្លាំងលើ ការវាយប្រហាររបស់ក្រុមហាម៉ាស ជាមួយ ការបញ្ជាក់ថាសហរដ្ឋអាមេរិកកំពុងប្រញាប់ប្រញាលបញ្ជូនជំនួយទៅកាន់អ៉ីស្រាអែល តែលោកក៏បានអំពាវនាវផងដែរឱ្យ អ៉ីស្រាអែលដើរតាមច្បាប់សង្រ្គាម នៅក្នុងការសងសឹកប្រឆាំងនឹងក្រុម ហាម៉ាស៕