រដ្ឋមន្ត្រីទេសចរណ៍ស្នើភាគីអាមេរិកជួយផ្សព្វផ្សាយទាក់ទាញភ្ញៀវទេសចរ វិនិយោគិនមកកាន់កម្ពុជា


(ភ្នំពេញ)៖ ភាគីកម្ពុជាស្នើភាគីសហរដ្ឋអាមេរិកជួយផ្សព្វផ្សាយពីគោលដៅទេសចរណ៍ ដើម្បីទាក់ ទាញភ្ញៀវទេសចរ វិនិយោគិនមកកាន់កម្ពុជា ខណៈភ្ញៀវទេសចរសហរដ្ឋអាមេរិកជាទីផ្សារគោលដៅ ធំរបស់កម្ពុជា។

ការស្នើនេះធ្វើឡើងក្នុងជំនួបពិភាក្សារវាង ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង លោក ផាទ្រីក មើហ្វី (W.Partrick Muphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកកម្ពុជា នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ដើម្បីពិភាក្សាអំពីការធ្វើឱ្យប្រសើរឡើងនូវភាពជាដៃគូកម្ពុជា-អាមេរិក ជាពិសេសជំរុញរំហូរទេសចរ និងពិនិត្យកាលានុវត្តភាពក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើ វិស័យទេសចរណ៍។

ឯកឧត្តម រដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ភ្ញៀវទេសចរសហរដ្ឋអាមេរិកជាទីផ្សារគោលដៅធំរបស់កម្ពុជា ដោយស្ថិតក្នុងចំណោមទីផ្សារធំទាំង១០ ទាំងមុន និងក្រោយវិបត្តិកូវីដ-១៩។

ឯកឧត្តមរដ្ឋមន្ត្រីបានស្នើឱ្យឯកអគ្គរដ្ឋទូតជួយគាំទ្រដល់ផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិកនិងជួយជំរុញភ្ញៀវទេសចរសហរដ្ឋអាមេរិកឱ្យមកទស្សនាប្រទេសកម្ពុជាឱ្យកាន់តែកើនច្រើនឡើងបន្ថែមទៀត ជាពិសេសវិនិយោគិនដែលមានចំណាប់អារម្មណ៍វិនិយោគនៅកម្ពុជា។

ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូត ផាទ្រីក មើហ្វី បានសន្យាជួយផ្សព្វផ្សាយពីគោលដៅទេស ចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរ វិនិយោគិនមកកាន់កម្ពុជា។ លោកឯកអគ្គរដ្ឋទូតសង្ឃឹមថានឹងឃើញភ្ញៀវទេសចរកម្ពុជាកាន់តែច្រើនមកសហរដ្ឋអាមេរិក និងបន្ត សម្រួលការធ្វើដំណើររវាងប្រទេសទាំងពីរ។

ឯកឧត្តម រដ្ឋមន្ត្រី សុខ សូកេន និងឯកអគ្គរដ្ឋទូត ផាទ្រីក មើហ្វី ថែមទាំងបានប្តេជ្ញាចិត្តរួមគ្នាក្នុងការ ពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍បន្ថែមទៀត តាមរយៈការលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ និងសេដ្ឋកិច្ច ការកសាងទំនាក់ទំនងរវាងប្រជាជននិងប្រជាជនឱ្យកាន់តែរឹងមាំ និងការបង្កើនទំនុក ចិត្តនិងប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ៕