ទំហំពាណិជ្ជកម្មកម្ពុជា-អន្តរជាតិ សម្រេចបានទឹកប្រាក់ជាង ៣៥ពាន់លានដុល្លារនៅ៩ខែឆ្នាំនេះ ខណៈការនាំចេញរបស់កម្ពុជាមានជិត ១៧ពាន់លានដុល្លារ

(ភ្នំពេញ)៖ របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលទទួលបាននៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះបានបញ្ជាក់ថា នៅរយៈពេល៩ខែ ឆ្នាំ២០២៣នេះ គឺចាប់ពីខែមករា ដល់ ខែកញ្ញា ការដោះដូរពាណិជ្ជកម្មរបស់កម្ពុជាជាមួយអន្តរជាតិ សម្រេចបាននូវទឹកប្រាក់ ៣៥ ១៦២ ៤៣៩ ០០០ដុល្លារ។

របាយការណ៍បានឱ្យដឹងទៀតថា នៅរយៈពេល៩ខែនេះ កម្ពុជានាំចេញទំនិញទៅផ្សារអន្តរជាតិមាន ទឹកប្រាក់ ១៦ ៩៤៥ ៧៩៩ ០០០ដុល្លារ ធ្លាក់ចុះ ០.៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២មានទឹកប្រាក់ ១៧ ០៧៧ ៣០៤ ០០០ដុល្លារ។ ដោយឡែកការនាំចូលវិញ មានទឹកប្រាក់ ១៨ ២១៦ ៦៤០ ០០០ដុល្លារ ធ្លាក់ចុះ ៥.៩ភាគរយ បើធៀបនឹងឆ្នាំ២០២២ មានទឹកប្រាក់ ១៩ ៣៦៣២២៦ ០០0ដុល្លារ។

ប្រទេសដែលជាទីផ្សារសំខាន់ៗរបស់កម្ពុជារួមមាន៖ ទីផ្សារអាមេរិកមានទឹកប្រាក់ជិត ៧ពាន់លាន ដុល្លារ ធ្លាក់ចុះ ២ភាគរយ, ទីផ្សារវៀតណាមជាង ២ពាន់លានដុល្លារ កើនឡើង៣០.៧ភាគរយ, ប្រទេសចិន ជាង១ពាន់លានដុល្លារ កើនឡើង១៨ភាគរយ, ប្រទេសជប៉ុនជិត ៩០០លានដុល្លារ ធ្លាក់ចុះ ១.៣ភាគរយ និងបណ្តាទីផ្សារសំខាន់ៗមួយចំនួនទៀត។

ដោយឡែកផលិតផលសំខាន់ៗ ដែលកម្ពុជានាំចេញទៅបរទេសវិញរួមមាន៖ សម្លៀកបំពាក់ និង គ្រឿងបន្ទាប់បន្សំមានទឹកប្រាក់ជិត៦ ពាន់លានដុល្លារ, ម៉ាស៉ីន និងឧបករណ៍អគ្គិសនីមានទឹកប្រាក់ ជិត ២.៥ពាន់លានដុល្លារ, វត្ថុធ្វើពីស្បែក និងបរិក្ខាធ្វើពីរោមសត្វមានទឹកប្រាក់ជិត១.៣ពាន់លាន ដុល្លារ, គ្រាប់ធញ្ញជាតិ មានទឹកប្រាក់ជិត ១.២ពាន់លានដុល្លារ និងផលិតផលមួយចំនួនទៀត៕