មេដឹកនាំកំពូលអ៉ីរ៉ង់ចេញមុខនិយាយថា អ៉ីរ៉ង់មិនបាននៅពីក្រោយ ការវាយប្រហាររបស់ក្រុម Hamas លើអ៉ីស្រាអែលឡើយ

(តេហេរ៉ង់)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០២៣ គឺ មេដឹកនាំកំពូលនៃប្រទេសអ៉ីរ៉ង់ លោក Ayatollah Ali Khamenei បាននិយាយនៅ ថ្ងៃអង្គារនេះថា ទីក្រុងតេហេរ៉ង់មិនបានជាប់ពាក់ព័ន្ធ ក្នុងការវាយប្រហារ កាលពីចុងសប្តាហ៍មុន របស់ក្រុមហាម៉ាសប៉ាឡេស្ទីនលើអ៉ីស្រាអែលឡើយ ប៉ុន្តែរូបលោកបាន​សាទរចំពោះអ្វីដែលលោក ចាត់ទុកជា ភាពបរាជ័យផ្នែកយោធានិងចារកម្ម ដែលមិនអាចស្រោចស្រង់វិញបាន របស់អ៉ីស្រា អែល។ ក្នុងការថ្លែងសារដំបូងតាមកញ្ចក់ទូរទស្សន៍ ចាប់តាំងពីការវាយប្រហាររបស់ក្រុម Hamas លោក Khamenei បានប្រកាសថា ប្រទេស​របស់លោកមិនបានស្ថិតនៅពីក្រោយ សកម្មភាពរបស់ ក្រុមប៉ាឡេស្ទីននេះឡើយ ប៉ុន្តែលោកបានបន្តយ៉ាងដូច្នេះថា «ពួកយើងអរគុណដល់ ​អ្នកដែលបាន រៀបចំផែនវាយប្រហារទៅលើរបបហ្សូនីសអ៉ីស្រាអែល។ ទំហំខូចខាតនៃការវាយប្រហារនេះ នឹងមិន ងាយជួសជុលវិញឡើយ ហើយកំហុសគ្រប់យ៉ាង គឺមកពីទង្វើរបស់របបហ្សូនីសអ៉ីស្រាអែលខ្លួនឯង ផ្ទាល់ ដែលនាំឱ្យមានគ្រោះមហន្តរាយ បែបនេះ»