(ភ្នំពេញ)៖ លើកឡើងក្នុងឱកាសអញ្ជើញជាអធិបតីប្រកាសដាក់ឲ្យដំណើរការជាផ្លូវការនៃយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ នៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ កម្ពុជា បានដាក់ចេញគោលការណ៍អនុគ្រោះ ៩ចំណុច ចំពោះសហគ្រាសធុនតូច និងមធ្យម ដែល ស្ម័គ្រចិត្តចុះឈ្មោះអាជីវកម្ម។
គោលការណ៍អនុគ្រោះទាំង ៩ចំណុច ចំពោះសហគ្រាសធុនតូច និងមធ្យម ដែលសម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញរួមមាន៖
ទី១៖ ផ្តល់ការលើកលែងការផាកពិន័យនឹងបំណុលទាំងអស់នៅក្នុងឆ្នាំ២០២៣-២០២៨ ចំពោះ ការមិនបានបំពេញអនុលោមភាពកន្លងមក
ទី២៖ ផ្ដល់ការលើកទឹកចិត្តផ្នែកពន្ធដារ សម្រាប់សហគ្រាសមីក្រូ ចំពោះការចុះបញ្ជីដោយស្ម័គ្រចិត្ត នៅក្នុងឆ្នាំ២០២៣-២០២៨ ដោយលើកលែងកម្រៃសេវាចុះបញ្ជីពន្ធដារ និងកម្រៃសេវាធ្វើ បច្ចុប្បន្នភាព
ទី៣៖ ផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារសម្រាប់សហគ្រាសធុនតូច ចំពោះការចុះបញ្ជីដោយស្ម័គ្រចិត្ត នៅក្នុងឆ្នាំ ២០២៣-២០២៨ តាមរយៈ(១) ការលើកលែងពិន័យទោសទណ្ឌ និងបំណុលពន្ធ ចំពោះ ការមិនបំពេញអនុលោមភាពកន្លងមកមុនការចុះបញ្ជី (២) លើកលែងកម្រៃសេវាចុះបញ្ជីពន្ធដារនឹង កម្រៃសេវាធ្វើបច្ចុប្បន្នភាពនៅពេលចុះបញ្ជី (៣) លើកលែងពន្ធលើប្រាក់បំណុល និងប្រាក់រំដោះពន្ធ លើប្រាក់ចំណូល និងពន្ធអប្បបរមាសម្រាប់២ឆ្នាំក្រោយការចុះបញ្ជី។
ទី៤៖ ផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារសម្រាប់សហគ្រាសធុន និងមធ្យម ចំពោះការចុះបញ្ជីដោយ ស្ម័គ្រចិត្តក្នុងឆ្នាំ២០២៤- ២០២៥ តាមរយៈ (១) លើកលែងពិន័យទោសទណ្ឌ នឹងបំណុលពន្ធ ចំពោះការមិនពេញអនុលោមភាពកន្លងមកមុនការចុះបញ្ជី (២) លើកលែងពន្ធលើប្រាក់ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូលពន្ធអប្បបរមាសម្រាប់រយៈពេល២ឆ្នាំ ក្រោយការចុះបញ្ជី។
ទី៥៖ ផ្ដល់ការលើកទឹកចិត្តផ្នែកពន្ធដារសម្រាប់សហគ្រាសធុនតូច និងមធ្យម ចំពោះការចុះបញ្ជី ដោយស្ម័គ្រចិត្ត ក្នុងឆ្នាំ២០២៤- ២០២៥ តាមរយៈការលើកលែងការបង់ពន្ធប៉ាតង់ សម្រាប់រយៈ ពេល២ឆ្នាំ បន្ទាប់ពីទទួលបានការសម្រេចចុះបញ្ជី
ទី៦៖ កាត់បន្ថយថ្លៃសេវាសម្រាប់ការផ្ដល់សេចក្ដីប្រកាសជូនដំណឹងបើកសហគ្រាស និងការចុះ បញ្ជីកាសៀវភៅបញ្ជីប្រចាំគ្រឹះស្ថាននិងសៀវភៅបើកប្រាក់ខែសម្រាប់សហគ្រាសដែលមានចំនួនកម្មករនិយោជិតតិចជាង៨នាក់
ទី៧៖ ពង្រឹងយន្តការស្វ័យត្រួតពិនិត្យ និងពង្រឹងការអនុវត្តយន្តការក្រុមអធិការកិច្ចអន្តរក្រសួង នៅ ថ្នាក់ជាតិដើម្បីធានាការចុះធ្វើអធិការរួមគ្នាក្នុងពេលតែមួយ និងមួយលើកក្នុងមួយឆ្នាំ
ទី៨៖ រៀបចំការត្រួតពិនិត្យ និងការធ្វើការរួមគ្នាក្នុងពេលតែមួយ នឹងតែមួយលើកក្នុងមួយឆ្នាំនៅថ្នាក់ ក្រោមជាតិ សម្រាប់គ្រប់សហគ្រាសដែលបានឬមិនទាន់បានចុះបញ្ជី ឬស្នើប័ណ្ណឬលិខិតអនុញ្ញាត ផ្សេងៗ
ទី៩៖ រៀបចំបង្កើតបទដ្ឋានគតិយុត្តក្របខណ្ឌយន្តការ ដែលមានសកម្មភាពស្របច្បាប់ ជាសហ គ្រាសធុនមីក្រូ និងតូច ដោយភ្ជាប់ជាមួយនឹងអត្ថប្រយោជន៍ផ្សេងៗដូចជា ការលើកលែងការបង់ថ្លៃ សេវារដ្ឋបាលនានា សម្រាប់រយៈពេល៥ឆ្នាំជាដើម។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា ចំពោះសហគ្រាសធុនតូច និងមធ្យម ដែលស្ម័គ្រចិត្ត ចុះឈ្មោះអាជីវកម្ម គឺមិនទទួលបានការបង្ខិតបង្ខំនោះទេ តែគឺទទួលបានការលើកទឹកចិត្តខ្ពស់ ហើយរាល់ពេលការចូលរួមដោយស្ម័គ្រចិត្តនោះនឹងទទួលបានការលើកលែងពន្ធ និងការលើកលែង ការអនុគ្រោះនូវពិន័យផ្សេងៗ ដែលពាក់ព័ន្ធនឹងការធ្វើអនុលោមភាពកន្លងមក និងពន្ធលើកទឹកចិត្ត ផ្សេងៗ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ចំពោះសហគ្រាសធុនតូច និងមធ្យម ដែលស្ម័គ្រចិត្តចុះ ឈ្មោះអាជីវកម្ម ក្រៅពីការលើកលែងការផាកពិន័យបំណុល និងការលើកទឹកចិត្តខាងពន្ធដារ ក៏នឹង ទទួលបានលទ្ធភាពក្នុងការបណ្តុះបណ្តាលនានា ពាក់ព័ន្ធនឹងការអភិវឌ្ឍ ការគ្រប់គ្រងសហគ្រាស ការបណ្តុះបណ្តាលដល់បុគ្គលិក និងកម្មករ នៅក្នុងសហគ្រាស ដើម្បីលើកកម្ពស់សមត្ថភាពផលិត ផល និងសហគ្រាសកាន់តែរឹងមាំ ដែលនេះជាអ្វីដែលរាជរដ្ឋាភិបាលចង់ផ្តល់ឱ្យ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមដែរថា ការចុះបញ្ជីដោយស្ម័គ្រចិត្តនេះ នឹងទទួលបាននូវ ហិរញ្ញប្បទាន ជាមួយនឹងអត្រាការប្រាក់សមរម្យពីធនាគាររដ្ឋផងដែរ ក្នុងនោះចំពោះវិស័យអទិភាព មួយចំនួន ដែលកន្លងមក រដ្ឋមានធនាគារ SMB Bank និងធនាគារសហគ្រាសធុនតូច និងមធ្យម ដែលរាជរដ្ឋាភិបាលបានទម្លាក់ថវិកាដើម្បីជួយផ្តល់ឥណទាន និងហិរញ្ញាប្បទានមួយចំនួន ដែល មានអត្រាការប្រាក់សមរម្យ ដល់វិស័យអទិភាពចំនួនផងដែរ។
សម្តេចធិបតី បានបញ្ជាក់ដែរថាសម្រាប់អ្នកដែលប្រកបរបរខ្លួនឯង រួមមាន៖ ដូចជា ម្ចាស់ម៉ូតូកង់៣ អ្នកលក់ដូរតាមផ្លូវ និងធ្វើអាជីវកម្មតូចតាចតាមផ្លូវ សម្រាប់ការចុះបញ្ជី គឺពិតជាល្អ ដែលធ្វើឱ្យរដ្ឋ បានដឹងនេះ និងដឹងពីជីវភាពក្រីក្រ និងដឹងភាពងាយរងគ្រោះ ហើយរដ្ឋនឹងផ្តល់ជូននូវការថែទាំ សុខភាពដោយឥតគិតថ្លៃ តាមរយៈមូលនិធិសមធម៍សុខាភិបាល, ទទួលបានការបណ្តុះបណ្តាល ជំនាញដោយឥតគិតថ្លៃ និងប្រាក់ឧបត្ថម្ភប្រចាំខែ រួមទាំងការជួយផ្សេងៗទៀតផងដែរ៕