(សាន់ហ្វ្រាន់ស៊ីស្កូ, សហរដ្ឋអាមេរិក)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០២៣ បញ្ជាក់ថា ប៉ូលិសអាមេរិក នៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) បានបាញ់សម្លាប់អ្នកបើកបរម្នាក់ដែលបានបើករថយន្ដរបស់ ខ្លួនបំបុកចូលស្ថាន កុងស៊ុលចិន ប្រចាំទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ (San Francisco)។
រូបភាពវីដេអូមួយដែលមិនទាន់ត្រូវបានផ្ទៀងផ្ទាល់ នៅលើបណ្ដាញទំនាក់ទំនងសង្គម បានបង្ហាញ ពីរថយន្ដមួយគ្រឿងនៅក្នុងអគារស្ថានកុងស៊ុលចិន ហើយ ប៉ូលិសបានតម្រង់កាំភ្លើងទៅរកទា្វរនៃ កៅអីអ្នកបើកបរ ខណៈមនុស្សបានរត់ចេញពីកន្លែងកើតហេតុ។ អ្នកនាំពាក្យស្ថានកុងស៊ុលចិន បាននិយាយថាជនសង្ស័យ បានបើករថយន្ដបំបុកទាំងកម្រោលចូលក្នុងសាលរដ្ឋបាលនៃស្ថាន កុងស៊ុល ដោយបង្កការគំរាមកំហែងធ្ងន់ធ្ងរដល់អាយុជីវិតបុគ្គលិក និងមនុស្សនៅទីតាំង កើតហេតុ ព្រមទាំងបង្កការខូចខាតធ្ងន់ធ្ងរ។
ចំណែក ខាងមន្ត្រីប៉ូលិសនៃនាយករដ្ឋានប៉ូលិសសាន់ហ្វា្រន់ស៊ីស្កូ ក៏បានបញ្ជាក់ដែរថាក្រុមមន្ត្រី ប៉ូលិសបានទៅដល់កើតហេតុភ្លាមៗ ក្រោយទទួលបានព័ត៌មាន ថាមានរថយន្ដមួយគ្រឿងបំបុកចូល ការិយាល័យទិដ្ឋាការនៃស្ថានកុងស៊ុលចិន។ ប៉ុន្តែ នៅពេលប៉ូលិសទៅដល់ និងព្យាយាមទំនាក់ ទំនងជាមួយជនសង្ស័យ ស្រាប់តែការផ្ទុះកំាភ្លើងកើតឡើង។ ក្រុមគ្រូពេទ្យបានព្យាយាមសង្រ្គោះជីវិតជនសង្ស័យណាស់ដែរ តែមិនអាចសង្រ្គោះបានដោយ រូបគេត្រូវបានប្រកាសថា បានស្លាប់ក្រោយបញ្ជូនទៅដល់មន្ទីរពេទ្យ៕