រសៀលនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីបិទការថតខ្សែភាពយន្ត «កូនប្រុសក្រោម ពន្លឺព្រះចន្ទពេញបូណ៌មី»

 (ភ្នំពេញ)៖ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ៣៖៣០នាទីរសៀលនេះ សម្តេចតេជោ ហ៊ុន​ សែន នឹងអញ្ជើញជាអធិបតីបិទ ការថតខ្សែភាពយន្ត «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» នៅ OCIC ជ្រោយចង្វារ។

ភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ដែលជាភាពយន្តបែប ប្រវត្តិសាស្ត្រ និងឆ្លុះ បញ្ចាំងពីជីវិតតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងបុព្វហេតុជាតិមាតុភូមិនោះ បានថតចប់ជាស្ថាពរហើយ។

ភាពយន្តភាគរឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ជាភាពយន្តទាក់ទិន ដំណើរជីវិតពិត របស់សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងសម័យសង្គ្រាម លន់ នល់ រដ្ឋប្រហារទម្លាក់ សម្តេច ព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ ការរត់ចូលព្រៃម៉ាកគីសម័យកាល នៃរបបប្រល័យពូជ សាសន៍ ប៉ុល ពត ការឆ្លងដែនចូលទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកកម្លាំងអ្នក ស្នេហាជាតិ មករំដោះប្រទេសចេញពីរបបប៉ុលពត ការជួបជុំភរិយាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩។

ខ្សែភាពយន្តនេះ បានបង្ហាញពីខ្សែជីវិតតស៊ូរបស់សម្តេចតេជោ ពីកុមារភាពត្រូវចាកចេញ ពីមាតា បិតា បងប្អូនបង្កើតនៅភូមិកំណើត ទៅស្វែងរកការសិក្សារៀនសូត្រ នៅរាជធានីភ្នំពេញ ដោយស្នាក់ អាស្រ័យជាមួយ ព្រះសង្ឃក្នុងវត្តនាគវ័ន្ត។

ខ្សែភាពយន្តប្រវត្តិសាស្ត្រនេះមានប្រមាណ ៥២ភាគ ហើយចំណាយពេលវេលាថត រយៈ ពេលជាង មួយឆ្នាំ។ ក្រុមការងារផលិតភាពយន្តនេះ បានជ្រើសរើសតួសំដែងសំខាន់ៗចំនួន ១០៣នាក់ តួ ប្រជាជនយ៉ាងតិច ៥០០នាក់ ព្រមទាំងកងកម្លាំង ៥០០នាក់ផ្សេងទៀត ដើម្បីចូលរួមសំដែងក្នុង ឈុត​ឆាកធំៗ។ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់ថា ភាពយន្តដែលទាក់ទងទៅនឹង ព្រឹត្តិ ការណ៍ប្រវត្តិសាស្ត្រជាតិនេះ ចំណាយថវិកាសម្រាប់ផលិតប្រមាណជា ៦លានដុល្លារអាមេរិក។ ថវិកាដែលចំណាយថតភាពយន្តនេះ មិនមែនជាថវិកាជាតិនោះឡើយ៕