(យូអិន)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៩ ខែតុលា ឆ្នាំ ២០២៣ គឺ កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃអាទិត្យចុង សប្ដាហ៍កន្លងទៅនេះ បានបង្ហាញក្ដីព្រួយបារម្ភពី ផលប៉ះពាល់នៃសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុម ហាម៉ាស់ ទៅលើជនស៊ីវិល ពិបាកក្នុងការទទួលបានការផ្គត់ផ្គង់ស្បៀងអាហារចាំបាច់។
ក្នុងសេចក្ដីថ្លែងការណ៍មួយ កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ ហៅកាត់ ថា WFP បានបង្ហាញក្ដីព្រួយបារម្ភយ៉ាងខ្លាំងពី ការធ្លាក់ចុះស្ថានភាពកាន់ដុនដាបនៅក្នុងទឹកដី អ៉ីស្រាអែល និងប៉ាឡេស្ទីន ព្រមទាំងផលប៉ះពាល់នៃសង្រ្គាមនេះទៅលើប្រជាជនស៊ីវិល។
សេចក្ដីថ្លែងការណ៍ដដែល បានបញ្ជាក់ដូច្នេះថា «ខណៈជម្លោះកាន់តែកើនឡើង ជនស៊ីវិល ក្នុង នោះរួមមានទាំងកុមារ និងក្រុមគ្រួសារងាយរងគ្រោះ កំពុងប្រឈមនឹងបញ្ហាប្រឈម នៅក្នុងដំណើរ ការទទួលបានការផ្គត់ផ្គង់ស្បៀងអាហារចាំបាច់នានា ដោយសារតែបណ្ដាញផ្គត់ផ្គង់ស្បៀងអាហារ ត្រូវបានរំខាន រីឯការផលិតចំណីអាហាររងផលប៉ះពាល់យ៉ាងខ្លាំងពីជម្លោះ»។
គួរបញ្ជាក់ថា មនុស្សច្រើនជាង ១,០០០នាក់ហើយ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារសង សឹករបស់អ៉ីស្រាអែលលើតំបន់ហ្កាហ្សា និងការវាយប្រហារ ទ្រង់ទ្រាយធំរបស់ក្រុមហាម៉ាស់លើ អ៉ីស្រាអែល កាលពីថ្ងៃសៅរ៍កន្លងទៅនេះ។ ប្រទេសជាច្រើនជាសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក៏បានថ្កោលទោសក្រុម ហាម៉ាស់ (Hamas) ផងដែរ ប៉ុន្តែមិនមានភាពឯកច្ឆន្ទក្នុងការចេញសេចក្ដីថ្លែងការណ៍រួមនោះទេ៕