រដ្ឋសភាអនុម័តជាឯកច្ឆ័នលើ សេចក្តីព្រាងច្បាប់ ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាស ចរណ៍ស៊ីវិល


 (ភ្នំពេញ)៖ បន្ទាប់ពីបានពិភាក្សាហើយនោះ រដ្ឋសភាបានអនុម័តជាឯកច្ឆ័នហើយចំពោះ សេចក្តី ព្រាងច្បាប់ ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដែលរៀបចំឡើងដោយរាជ រដ្ឋាភិបាល។

ការអនុម័តនេះធ្វើឡើងនាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣នេះ នៅក្នុងសម័យប្រជុំរដ្ឋសភា លើក ទី១ នីតិកាលទី៧ ក្រោមអធិបតីភាព លោកកិត្តិសេដ្ឋាបណ្ឌិត​ ជាម​ យៀប​ ប្រធានរដ្ឋសភាស្តីទី ដោយមានវត្តមានសមាជិកសមាជិការដ្ឋសភា ពេលចាប់ផ្តើមកិច្ចប្រជុំ មានចំនួន​ ១០១រូប។

សេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលមាន១១មាត្រា ដែលនឹង ជំនួសច្បាប់ ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលឆ្នាំ១៩៩៦ ក្នុងគោលបំណង លើកកម្ពស់និងធានាដល់ដំណើរការគ្រប់គ្រង ចាត់ចែងនិងអភិវឌ្ឍន៍វិស័យអាកាសចរណ៍ស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា ស្របតាមស្ថានភាពវិវត្តប្រទេសជាតិ ដែលកំពុងមានការរីកចម្រើន និងការប្រែប្រួលខាងបច្ចេកវិទ្យាអាកាសចរណ៍ស៊ីវិលកាន់តែទំនើប​ និងស៊ីជម្រៅ រួមទាំងរចនា សម្ព័ន្ធគ្រប់គ្រងផងដែរ ជាពិសេសដើម្បីឆ្លើយតបទៅនឹងលក្ខខណ្ឌតម្រូវបន្ថែមមួយចំនួន ក្នុងនាមជា សមាជិកនៃអង្គការ ICAO។

បន្ទាប់ពីអនុម័តដោយរដ្ឋសភា សេចក្តីព្រាងច្បាប់នេះ នឹងត្រូវបញ្ជូនទៅកាន់ព្រឹទ្ធសភា ដើម្បីពិនិត្យ និងឱ្យយោបល់៕