ប្រធានរដ្ឋសភាអាមេរិក លោក McCarthy ត្រូវបានទម្លាក់ចេញពីតំណែង ក្នុងការបោះឆ្នោត ជាប្រវត្តិសាស្ត្រ


(វ៉ាស៊ីនតោន)៖  តាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៤ ខែតុលា ឆ្នាំ២០២៣ គឺ សភាតំណាងរាស្ត្រអាមេរិក លោក Kevin McCarthy បានបោះឆ្នោតទម្លាក់លោក Kevin McCarthy ចេញពីតំណែងជាប្រធាន សភាតំណាងរាស្ត្រ (រដ្ឋសភា) ហើយ ដែលជាលទ្ធ ផលកើតចេញពីជម្លោះផ្ទៃក្នុងនៅក្នុងគណបក្សសាធារណរដ្ឋរបស់លោក។

លោក Kevin McCarthy ត្រូវបានបោះឆ្នោតទម្លាក់ចេញពីតំណែង ក្នុងសំឡេងគាំទ្រ ២១៦ ទល់ នឹង២១០សំឡេងជំទាស់ កាលពីល្ងាចថ្ងៃអង្គារ សប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ហើយនេះគឺ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់សហរដ្ឋអាមេរិក ដែលសភាតំណាងរាស្ត្របោះឆ្នោត ដកតំណែង ប្រធានរបស់ខ្លួន។ នៅក្នុងការបោះឆ្នោតនេះ សមាជិកសភាតំណាងរាស្ត្រសាធារណរដ្ឋ ៨រូប បាន ចែកផ្លូវជាមួយលោក McCarthy ទៅចូលរួមជាមួយអ្នកប្រជាធិបតេយ្យ ២០៨រូប ដើម្បីដកតំណែង រូបលោក។ លោក McCarthy ក៏បានប្រាប់អ្នកសារព័ត៌មានដែរថាលោកនឹងមិន ចូលរួមប្រកួត ប្រជែងយកតំណែងជាប្រធានសភាតំណាងរាស្ត្រជាថ្មីនោះទេ។

សូមបញ្ជាក់ថា លោក Kevin McCarthy ត្រូវបានទម្លាក់ចេញពីតំណែង បន្ទាប់ពីសមាជិកសភា តំណាងរាស្ត្រម្នាក់នៅក្នុងគណបក្សរបស់លោក គឺលោក Matt Gaetz បានដំណើរការនីតិវិធីបោះ ឆ្នោតដកតំណែង ដោយសារតែខឹងសម្បារនឹងលោក McCarthy ដែលបានសហការជាមួយ គណបក្សប្រជាធិបតេយ្យ ក្នុងការបោះឆ្នោតអនុម័តកញ្ចប់ថវិកាមួយ ដើម្បីបញ្ចៀស Shutdown កាលពីសប្ដាហ៍មុន។

ជាមួយគ្នានោះដែរ តាមការឱ្យដឹងពីអ្នកនាំពាក្យសេតវិមានលោកស្រី ការីន ហ្សង់ព្យែរ (Karine Jean-Pierre) លោកប្រធានាធិបតី ចូ បៃដិន សង្ឃឹមថាសភាតំណាងរាស្ត្រគ្រប់គ្រងដោយបក្ស សាធារណរដ្ឋ នឹងបោះឆ្នោតជ្រើសរើសប្រធានថ្មីក្នុងឆាប់ៗ។ គណបក្សសាធារណរដ្ឋ គ្រោងនឹង បើកកិច្ចប្រជុំមួយនៅថ្ងៃទី១០ ខែតុលា ដើម្បីពិភាក្សាពីអ្នកត្រូវបន្តវេនពីលោក McCarthy ខណៈ ការបោះឆ្នោតជ្រើសរើស ប្រធានសភាតំណាងរាស្ត្រថ្មី អាចនឹងធ្វើឡើងនៅថ្ងៃទី១១ ខែតុលា៕