លោក ចូ បៃដិន ប្រាប់សម្ព័ន្ធមិត្តថាការគំាទ្ររបស់សហរដ្ឋអាមេរិក សម្រាប់អ៊ុយក្រែន នឹងនៅតែបន្ត


(វ៉ាស៊ីនតោន)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៤ ខែតុលា ឆ្នាំ២០២៣ ប្រាប់អោយដឹងថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃអង្គារសប្ដាហ៍នេះ បានហៅទូរស័ព្ទទៅកាន់សម្ព័ន្ធមិត្តសំខាន់ៗ ដើម្បីធ្វើការធានាថា សហរដ្ឋអាមេរិកនៅតែប្រកាន់ ជំហរដដែល ក្នុងការផ្ដល់ការគាំទ្រ និងជំនួយសម្រាប់អ៊ុយក្រែន បន្ទាប់ពីសមាជិកសភាតំណាង រាស្ត្រសាធារណរដ្ឋ មួយចំនួយ រារាំងការបញ្ជូនកញ្ចប់ជំនួយបន្ថែមទៅឱ្យទីក្រុងកៀវ។

បើតាមសេតវិមាន លោក បៃដិន បានជជែកតាមទូរស័ព្ទជាមួយមេដឹកនាំកាណាដា អាល្លឺម៉ង់ អ៉ីតាលី ជប៉ុន ប៉ូឡូញ រូម៉ានី ចក្រភពអង់គ្លេស ព្រមទាំងមេដឹកនាំ NATO សហភាពអឺរ៉ុប និងរដ្ឋមន្ត្រីការ បរទេសបារាំង។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ សេតវិមានបានបន្ថែមថា លោកប្រធានាធិបតី បៃដិន បានហៅទូរស័ព្ទទៅកាន់សម្ព័ន្ធមិត្ត និងដៃគូនានា ដើម្បីសម្របសម្រួលពាក់ព័ន្ធនឹងការផ្ដល់ ជំនួយគាំទ្រសម្រាប់ អ៊ុយក្រែន។ ប៉ុន្តែ សេតវិមានមិនបានបញ្ជាក់អ្វីលម្អិតបន្ថែមនោះទេ ដោយគ្រាន់ តែនិយាយថាព័ត៌មានលម្អិតនឹងត្រូវចេញផ្សាយនៅពេលក្រោយ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក កាលពីសប្ដាហ៍មុន បានគេចផុតពី Shutdown ជាបណ្ដោះអាសន្ន ជាមួយការអនុម័តកញ្ចប់ថវិកាមួយ តែមិនមាន បញ្ចូលជំនួយថ្មីសម្រាប់អ៊ុយក្រែននោះទេ។ រុស្ស៉ី វិញបានហៅភាពចលាចលនៅសហរដ្ឋអាមេរិក ថាជាកើនឡើងនៃភាពនឿយណាយ របស់ លោក ខាងលិចនឹងសង្រ្គាមអ៊ុយក្រែន៕